(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃពុធនេះបានប្រកាសថា អ្នកជំងឺវីរុសខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19) សរុប ៤,៧៤០នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលរហូតដល់ជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការជាតិសុខាភិបាលនៃប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះអ្នកជំងឺសរុប ៧៤៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដោយក្នុងនោះ ៤១៧នាក់នៅខេត្តហ៊ូប៉ី (Hubei) និងក្រុងវូហាន (Wuhan)។ ជាមួយគ្នានេះ តួលេខអ្នកស្លាប់សរុបបានកើនដល់ ១,១១៣នាក់ និងករណីឆ្លងបានឡើងដល់ ៤៤,៦៥៣ករណីគិតនៅទូទាំងខេត្ត និងតំបន់ស្វយ័តចំនួន៣១របស់ចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។
គួរជម្រាបថា កាលពីអង្គារម្សិលមិញមានករណីឆ្លងថ្មីមានចំនួន២,០១៥ករណី និងករណីអ្នកបាត់បង់ជីវិតថ្មីមានចំនួន ៩៧ករណី ហើយក្នុងនោះអ្នកស្លាប់ ៩៤នាក់នៅខេត្ត Hubei និង 0៣នាក់ទៀតគឺនៅខេត្ត ហេណាន (Henan), ហ៊ូណាន (Hunan) និងទីក្រុង ឆុងឈីង (Chongqing)៕