(សិង្ហបុរី)៖ ថ្នាក់ដឹកនាំម្នាក់នៃក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing Co នាថ្ងៃពុធនេះ បាននិយាយថា ទីផ្សារដឹកជញ្ជូនទំនិញតាម យន្តហោះក្នុងឆ្នាំនេះ ទំនងជានឹងមិនមានកំណើនអ្វីឡើយ ដោយសារតែបញ្ហាប្រឈមដែលវីរុសកូរ៉ូណា Covid-19 បង្កឡើងក្នុងទីផ្សារ នៅប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Randy Tinseth ដែលជានាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Boeing បានលើកឡើងដូចខាងលើ ក្នុងពិព័រណ៍យន្តហោះនៅសិង្ហបុរី ។ លោក Tinseth បានបញ្ជាក់ថា ក្រុមហ៊ុន Boeing កន្លងមកធ្លាប់បានព្យាករណ៍ថា វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នឹងទទួលបាននូវ កំណើនយ៉ាងហោច ក៏ចន្លោះពី០១ភាគរយទៅ០២ភាគរយដែរ នៅក្នុងឆ្នាំ២០២០ ដោយហេតុផលមួយចំណែកគឺព្រោះតែសហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ»។
ក៏ប៉ុន្តែឥឡូវនេះ ដោយសារតែទីផ្សារក្នុងប្រទេសចិន ត្រូវជួប បញ្ហាប្រឈមបង្កឡើងដោយសារការវាយលុកនៃវីរុសកូរ៉ូណាថ្មី Covid-19 វានឹង ជារឿងលំបាកខ្លាំងណាស់ ដើម្បីឲ្យទីផ្សារដឹកជញ្ជូនទំនិញតាមយន្តហោះទទួលបានកំណើន នៅឆ្នាំនេះ។ កាលពីសប្តាហ៍មុនវិញ សមាគម អន្តរជាតិផ្នែកដឹកជញ្ជូនតាមផ្លូវអាកាសបានលើកឡើងថា វិបត្តិវីរុសកូរ៉ូណា Covid-19 បានបំផ្លាញក្តីសង្ឃឹមនៃការស្ទុះងើបឡើងវិញសម្រាប់ វិស័យដឹកជញ្ជូនទំនិញតាមយន្តហោះ នៅក្នុងឆ្នាំ២០២០នេះ ក្រោយឆ្នាំ២០១៩គឺជាឆ្នាំដែលអាក្រក់បំផុតសម្រាប់វិស័យនេះ គិតចាប់តាំងតែ សម័យវិបត្តិហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០០៩៕