(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីផ្លាស់ប្តូរប្រធានការិយាល័យទទួលបន្ទុកកិច្ចការ ហុងកុង-ម៉ាកាវ បន្ទាប់ពីមានផ្ទុះបាតុកម្មអស់រយៈពេលជាច្រើនខែ នៅក្នុងទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ការប្រកាសខាងលើត្រូវបានធ្វើឡើង ដោយក្រសួងធនធានមនុស្សនៃប្រទេសចិន។ យោងតាមសេចក្តីប្រកាសនោះលោក ចាង ហ្សាវមីង (Zhang Xiaoming) ត្រូវបានដកតំណែងជានាយកការិយាល័យកិច្ចការទីក្រុងស្វយ័តពិសេស ហុងកុង-ម៉ាកាវ ហើយលោក ហ្ស៊ា ប៉ាវឡុន (Xia Baolon) ជាអគ្គលេខាធិការនៃក្រុមប្រឹក្សា CPPCC នឹងឡើងមកកាន់តំណែងនេះជំនួសវិញ។
គួរជម្រាបថា យ៉ាងណាមិញលោក Zhang Xiaoming ត្រូវបានតែងតាំងជានាយករងម្នាក់វិញ ដែលទទួលបន្ទុកកិច្ចការងារប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះដែរ ទីក្រុងប៉េកាំងក៏បានប្រកាសតែងតាំងបុគ្គលពីររូបទៀត ជានាយករងការិយាល័យផងដែរ នោះគឺលោក លូ ហ៊ុយនីង (Luo Huining) និងហ្វូ ហ្ស៊ីយីង (Fu Ziying)៕