(ហាណូយ)៖ អាជ្ញាធរនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទការចេញ-ចូលនៅឃុំមួយដែលមានប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា អាជ្ញាធរខេត្ត Vinh Phuc បានសម្រេចបិទការចេញ-ចូលនៅឃុំ Sol Loi ដែលស្ថិតក្នុងស្រុក Binh Xuyen សម្រាប់រយៈពេល២០ថ្ងៃ។ ឃុំ Sol Loi មានមនុស្សរស់នៅ១០,៦០០នាក់ ហើយកំឡុងពេល២០ថ្ងៃនេះ អាជ្ញាធរវៀតណាមនឹងផ្តល់ការផ្គត់ផ្គង់ដែលចាំបាច់ផ្សេងៗ។
គួរជម្រាបថា បច្ចុប្បន្នករណីអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសវៀតណាមមានចំនួន១៦ករណី ក្នុងនោះ១១ករណីស្ថិតក្នុងខេត្ត Vinh Phuc ហើយក្នុងនោះទៀតសោតមាន៦ករណីនៅក្នុងឃុំ Sol Loi។ ក្រៅពីខេត្ត Vinh Phuc មាន៣ករណីទៀត នៅទីក្រុងហូជីមិញ ១ករណី នៅខេត្ត Khanh Hoa និង១ករណីនៅទីក្រុង Thanh Hoa៕