(បាកដាដ)៖ ប្រភពពីយោធាអាមេរិកបានឲ្យដឹងថា គ្រាប់រ៉ុក្កែតប៉ុន្មានគ្រាប់បានធ្លាក់ចំក្បែរស្ថានទូតរបស់សហរដ្ឋអាមេរិក នៅទីក្រុង បាកដាដនៃប្រទេសអ៉ីរ៉ាក់នាថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការវាយប្រហារនោះបានបណ្តាលឲ្យសំឡេងប្រកាសអាសន្នបន្លឺឡើង ពាសពេញស្ថានទូតអាមេរិក ប៉ុន្តែវាមិនច្បាស់នោះទេថាតើ គ្រាប់រ៉ុក្កែតទាំងនោះបានធ្លាក់ត្រូវចំអ្វីឲ្យប្រាកដ ហើយមានប៉ុន្មានគ្រាប់។ យ៉ាងណាមិញ មានការអះអាងថា ពុំមានមនុស្សរងគ្រោះ ថ្នាក់ឡើយ។

គួរជម្រាបថា ទោះមិនមានការចេញមុខទទួលស្គាល់ដោយក្រុមណាមួយក៏ដោយ ការបាញ់គ្រាប់រ៉ុក្កែតរបៀបនេះ ដែលភាគច្រើន ធ្លាក់ក្បែរ និងពេលខ្លះចំបរិវេណស្ថានទូតរបស់អាមេរិកនៅរដ្ឋធានីបាកដាដ ត្រូវបានអាមេរិក ចោទប្រកាន់ទៅលើកងជីវពលអ៉ីរ៉ាក់ ដែលមានអ៉ីរ៉ង់ជាអ្នកនៅពីក្រោយ៕