(ប៊ែរឡាំង)៖ ពលរដ្ឋអាល្លឺម៉ង់ច្រើនជាង ១០០នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមូលដ្ឋានយោធាមួយកន្លែង ស្ថិតនៅក្បែរអាកាសយានដ្ឋានទីក្រុង ហ្វ្រេងហ្វឺត (Frankfurt) ០២សប្ដាហ៍ បន្ទាប់ពីពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯង ក្រោយបានធ្វើដំណើរត្រឡប់ពីទីក្រុងវូហាន (Wuhan) ប្រទេសចិន មកកាន់ប្រទេសអាល្លឺម៉ង់វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអាល្លឺម៉ង់ ពលរដ្ឋអាល្លឺម៉ង់ទាំងអស់ខាងលើ មិនបានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នោះទេ។ ពួកគេបានធ្វើដំណើរពីទីក្រុង វូហាន មកដល់ទីក្រុង Frankfurt ជាមួយជនរបរទេសច្រើនជាង ២០នាក់ផ្សេងទៀត កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ហើយត្រូវបានគេដាក់ឱ្យនៅឆ្ងាយពីគេឯង ដើម្បីតាមដាន និងពិនិត្យសុខភាពនៅឯមូលដ្ឋានទ័ព ជើមើហ្សេម (Germersheim) ដែលស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រពីទីក្រុង Frankfurt។

គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាប្រទេសក្នុងតំបន់អឺរ៉ុប ដែលមានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ច្រើនជាងគេចំនួន ១៦ករណី។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពី អ្នកស្លាប់នោះទេ ខណៈបារាំងកាលពីចុងសប្ដាហ៍កន្លងទៅបានអះអាងថា ភ្ញៀវទេសចរជនជាតិចិនម្នាក់អាយុ ៨០ឆ្នាំ ដែលបានឆ្លងវីរុសកូរ៉ូណាថ្មីបានបាត់បង់ជីវិត ដែលនេះជាករណីស្លាប់ដំបូងគេបំផុតនៅបារាំង និងប្រចាំអឺរ៉ុប៕