(ភ្នំពេញ)៖ ក្រោមការសហការគ្នាជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Michael Tan Siong និងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុន អលម៉ុនគ្រុប ជាពិសេសជាចុងភៅដ៏ឆ្នើម បានបង្កើតព្រឹត្ដិការណ៍ភ្លក់ម្ហូបអាហារច្នៃប្រឌិតឡើងរវាងចុងភៅឆ្នើមរបស់កម្ពុជា និងសិង្ហបុរី។

ព្រឹត្ដិការណ៍ដែលធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋាន សេវិនស៊ី បានធ្វើឱ្យភ្ញៀវជាតិ-អន្ដរជាតិ កោតសរសើរពីស្នាដៃច្នៃប្រឌិតរបស់មេចុងឆ្នើមទាំងពីររូបនេះ គឺលោក លូ ម៉េង និងមេចុងភៅសិង្ហបុរី លោក ម៉ាល់ ខមលី នៃភោជនីយដ្ឋាន ផេនរានាកាន។

ក្នុងឱកាសនោះ លោក Michael Tan Siong បានលើកឡើងថា ការបង្កើត ព្រឹត្ដិការណ៍ច្នៃម្ហូបអាហាររួមគ្នារវាងកម្ពុជា-សិង្ហបុរី ដើម្បីបង្ហាញពីចម្រុះនៃម្ហូបរបស់ប្រទេសខ្លួន ដល់ប្រជាជនខ្មែរ ជាពិសេសការផ្លាស់ប្ដូរវប្បធម៌ និងបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

លើសពីនោះ ម្ហូបអាហារ និងបង្អែម ដែលចម្អិនជូនភ្ញៀវពិសានោះ ក៏មានការអ្នកជំនាញស្រា លោក ដារ៉ែន ហ្គល មកពីក្រុមហ៊ុន ស្រាជេវ៉លហ្វាម៉ាលី ជាអ្នកផ្គត់ផ្គង់ស្រាលំដាប់កំពូល ដែលនាំមកស្រាដ៏ល្អបំផុត ពីកន្លែងផលិតស្រាដ៏ល្បី គឺកាលីណាសោន នៃប្រទេសញ៉ូហ្សេឡែន សម្រាប់ផ្គូរផ្គងជាមួយមុខម្ហូបនីមួយៗផងដែរ៕