(ប៉េកាំង)៖ ចិននឹងនៅតែបន្តទំនាក់ទំនង និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយជប៉ុន ដើម្បីរួមគ្នាការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងបោះជំហានប្រកបដោយភាពវិជ្ជមាន ដើម្បីគាំទ្រដល់សន្តិសុខនៃផ្នែកសុខាភិបាលសាធារណៈ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ការបញ្ជាក់ដូចខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់ ក្រសួងការបរទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គែង ហ្ស័ង (Geng Shuang) ក៏បានលើកឡើងបន្ថែមទៀតដែរថា រដ្ឋាភិបាលជប៉ុនបានបញ្ជូនយន្តហោះពិសេសជាលើកទី ៥ មកកាន់ប្រទេសចិន ដោយក្នុងនោះគឺសុទ្ធសឹងតែជាជំនួយផ្នែកវេជ្ជសាស្ត្រ ដើម្បីជួយដល់ចិនក្នុងការ ប្រយុទ្ធប្រឆាំងការរីករាលនៃមេរោគ COVID-19។

លោក Geng Shuang បានលើកឡើងយ៉ាងដូច្នេះថា «វីរុសមិនស្គាល់ព្រំដែននោះឡើយ ប៉ុន្តែនៅពេលគ្រាលំបាកមកដល់ មនុស្សល្អពិតនឹងលេចមុខ។ ប្រឈមមុខនឹងជំងឺឆ្លងផ្ទុះឡើង ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធនឹងគ្នា វាមានផ្លូវធម្មជាតិតែមួយគត់សម្រាប់ ចិន និងជប៉ុន នោះគឺការកាន់ដៃគ្នាដោះស្រាយបញ្ហា។ យើងនឹងចងចាំនូវមិត្តភាពមួយនេះ។ ប្រជាជនចិនក៏កំពុងតានដានយ៉ាងយកចិត្តទុកដាក់ដូចគ្នា ចំពោះការរាតត្បាតវីរុសនៅជប៉ុន»

បន្ថែមពីខាងលើនេះ ជនជាតិចិនដែលរស់នៅក្រៅប្រទេស បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងបានផ្តល់មតិយោបល់ផងដែរថា ជប៉ុនគួរតែមើលថែប្រជាជនខ្លួនឲ្យល្អដូចគ្នា ព្រោះពេលនេះជប៉ុនក៏មានករណីឆ្លង COVID-19 កើនឡើងដែរ។ ដោយឡែកស្ថានទូតចិនប្រចាំប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសពីការផ្តល់ឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 ទៅដល់ជប៉ុន ដើម្បីជួយដល់ ផ្នែកវេជ្ជសាស្ត្រជប៉ុនក្នុងគ្រាបន្ទាន់៕