(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បួង និងសហរដ្ឋអាមេរិកបានប្រកាសពន្យារពេល ធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ រហូតដល់មានការជូនដំណឹងតាមក្រោយ ដោយសារតែមានការព្រួយបារម្ភជុំវិញការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ដែលសូម្បីតែនាយទាហាននៃប្រទេសទាំងពីរ ក៏ត្រូវបានរកឃើញមានផ្ទុកមេរោគនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្តីប្រកាសរួមគ្នានៅថ្ងៃព្រហស្បតិ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19 ចំនួន ២១ករណីនៅក្នុងបន្ទាយទាហានរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកឯណោះវិញ ក៏បានរាយការណ៍មួយករណីក្នុងចំណោមកងទ័ព ២៨,៥០០នាក់ របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងរួមគ្នា ដោយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង និងមេបញ្ជាការយោធាសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង។
លោក គីម ជុនរ៉ាក (Kim Jun-rak) អ្នកនាំពាក្យអគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ឲ្យដឹងថា សម្ព័ន្ធមិត្តនឹងពន្យារពេលនៃការធ្វើសមយុទ្ធយោធា នៅឆមាសទីមួយឆ្នាំនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ។ លោក Kim បានបញ្ជាក់ទៀតថា ការពន្យារពេលនេះធ្វើឡើង ដើម្បីធានាសុវត្ថិភាពដល់មន្ត្រីយោធា នៃប្រទេសសម្ព័នមិត្តទាំងពីរបន្ទាប់ពីប្រទេសនេះ បានបង្កើនស្ថានភាពប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19។
គួរជម្រាបថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ ៤ នៅអាស៊ីមួយនេះ បាននិងកំពុងរងគ្រោះដោយសារការឆ្លងរាលដាល យ៉ាងឆាប់រហ័សនៃមេរោគ COVID-19 ដែលនាំឲ្យចំនួនអ្នកកើតជំងឺដ៏កាចសាហាវមួយនេះ បានកើនឡើងដល់ជិត ១,៦០០នាក់ហើយ ខណៈករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ មានដល់ទៅ ៣៣៤នាក់ និងអ្នកជំងឺសរុប ១២នាក់ស្លាប់៕