(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានកោះហៅមន្ត្រីទូតអាមេរិកម្នាក់ ឱ្យចូលខ្លួនមកបំភ្លឺ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ព្រមានបណ្ដេញ អ្នកកាសែតចិន ដែលកំពុងធ្វើការនៅក្នុងសហរដ្ឋអាមេរិក ចេញពីប្រទេស ខណៈមហាអំណាចទាំងពីរត្រូវបានគេមើលឃើញថាហាក់ដូចជាបានឈានជើងចូលក្នុង សង្រ្គាម «បណ្ដេញអ្នកកាសែត»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាល អាមេរិក បានចាត់វិធានការរឹតត្បិតជាច្រើនមកលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី បន្ថែមទៀតថា៖« បើសិនជាសហរដ្ឋអាមេរិក បន្ត ចាត់វិធានបំពាន និងរឹតត្បិតប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយចិន នៅលើទឹកដីអាមេរិក នោះភាគីចិនមានសិទ្ធិយ៉ាងពេញលេញ ក្នុងការចាត់វិធានការឆ្លើយតបទៅវិញ»។
ប្រតិកម្មរបស់ក្រសួងការបរទេសចិន កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ព្រមានបណ្ដេញអ្នកកាសែតចិន រាប់រយនាក់ចេញពី សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ចំពោះការបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal បីនាក់ ចេញពីប្រទេស ក្រោយចុះផ្សាយអត្ថបទ ពាក់ព័ន្ធនឹងជំងឺ COVID-19 នៅក្នុងប្រទេសចិន។
កាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅ អ្នកកាសែត Wall Street Journal ទាំងបីនាក់ខាងលើ បានចេញផ្សាយអត្ថបទបែបបញ្ចេញមតិរបស់ខ្លួនឯង ដោយដាក់ចំណងជើង ធំៗថា «អ្នកជំងឺអាស៊ី» ឬ «Sick Man of Asia»។ អត្ថបទនេះបានបរិហាររដ្ឋាភិបាលទីក្រុងប៉េកាំងថាបានបិទបាំងការពិតពីចំនួនអ្នកស្លាប់ និងចំនួនអ្នកឆ្លង COVID-19 នៅពេលជំងឺនេះផ្ទុះឡើងដំបូង។ ប៉ុន្តែ អាជ្ញាធរចាត់ទុកថានេះគឺជា«ការប្រមាថ និងរើសអើងពូជសាសន៍» ហើយតម្រូវឱ្យអ្នកកាសែតអាមេរិកទាំងបីនាក់នេះ ចាកចេញពី ប្រទេសចិន ក្នុងរយៈពេល៥ថ្ងៃ ក្រោយមិនទទួលបានពាក្យសូមទោស និងការកែតម្រូវពី Wall Street Journal ៕