(សេអ៊ូល)៖ ប្រភពពីអាជ្ញាធរសុខាភិបាលរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា បុគ្គលិកអាកាសចរណ៍ Korean Air មួយរូប ដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួននោះ គឺបម្រើការងារលើជើងហោះរវាងទីក្រុងសេអ៊ូល និងទីក្រុងឡូសអាន់ជែឡេស នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា ជើងហោះហើរដែលនារីអាកាសចរណ៍រូបនោះ បានបំពេញការងារគឺ KE017 បានហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈន់ (Incheon) នៃទីក្រុងសេអ៊ូល ឆ្ពោះទៅកាន់ទីក្រុងឡូសអាន់ជែឡេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ និងត្រឡប់មកវិញនៅថ្ងៃបន្ទាប់។
គួរបញ្ជាក់តាមមណ្ឌលការពារ និងគ្រប់គ្រងជំងឺកូរ៉េខាងត្បូង (KCDC) បានឲ្យដឹងថា នារីអាកាសចរណ៍របស់ក្រុមហ៊ុន Korean Air ខាងលើនេះបានឆ្លងមេរោគ COVID-19 ហើយបញ្ចេញរោគសញ្ញាខ្លះៗទៅហើយ តែនាងនៅតែបំពេញការងាររបស់ខ្លួនដដែល។ បច្ចុប្បន្នមន្ត្រីពាក់ព័ន្ធកំពុងតែស្វែងរក អ្នកដែលធ្លាប់ស្និទ្ធស្នាលនឹងនាងទាំងអស់ ព្រមទាំងអ្នកដំណើរនានាដែលបានជិះនៅលើ ជើងហោះហើរដូចបានរាយការណ៍ ដើម្បីឲ្យពួកគេទៅពិនិត្យសុខភាព៕