(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ IRNA បានរាយការណ៍ថា លោកស្រី Masoumeh Ebtekar ដែលជាអនុប្រធានាធិបតីម្នាក់របស់អ៉ីរ៉ង់ ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងជំងឺ COVID-19 ដែលបានផ្តាច់ជីវិតមនុស្សកើនដល់២៦នាក់ហើយ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រី Ebtekar គឺជាអនុប្រធានាធិបតីអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការស្រ្តីនិងគ្រួសារ។ ក្នុងថ្ងៃដដែលនេះ ក៏មានព័ត៌មានដែរថា លោក Mojtaba Zonnour ដែលជាប្រធានគណៈកម្មការគោលនយោបាយការបរទេស និងសន្តិសុខជាតិនៃសភាអ៉ីរ៉ង់ ក៏បានឆ្លងផងដែរ បន្ទាប់ពីអនុរដ្ឋមន្រ្តីសុខាភិបាលអ៉ីរ៉ង់ លោក Iraj Harirchi ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺនេះ កាលពីថ្ងៃអង្គារ។
គួរជម្រាបថា បើតាមអាជ្ញាធរអ៉ីរ៉ង់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសអ៉ីរ៉ង់មានអ្នកឆ្លងជំងឺ COVID-19 សរុបកើនដល់២៤៥នាក់ ហើយក្នុងនោះមាន២៦នាក់បានបាត់បង់ជីវិត ខណៈអ៉ីរ៉ង់បានរកឃើញករណីដំបូងបំផុតនៃអ្នកឆ្លង នៅទីក្រុង Qom ភាគកណ្តាល ប្រទេសកាលពីថ្ងៃទី១៨ ខែកុម្ភៈ៕