(ម៉ុងហ្គោលី)៖ ប្រធានាធិបតីម៉ុងហ្គោលីលោក បាតធូលហ្គា ខាលត្មាអា (Battulga Khaltmaa) និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ត្រូវបានសម្រេចឲ្យស្នាក់នៅដាច់ដោយឡែកពីគេឯង «ក្នុងរយៈពេល ១៤ថ្ងៃ» បន្ទាប់ពីលោក និងមន្ត្រីអមដំណើរទាំងអស់បានវិលត្រឡប់ពី ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនរួចមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Battulga រួមជាមួយមន្ត្រីរដ្ឋាភិបាលម៉ុងហ្គោលីជាច្រើនរូបទៀត តួយ៉ាងដូចជារដ្ឋមន្ត្រីក្រសួងការបរទេសជាដើម បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង (Li Keqiang)។
គណៈប្រតិភូទាំងអស់រួមទាំងប្រធានាធិបតីផងដែរ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ រៀបចំកន្លែងឲ្យស្នាក់នៅដាច់ពីគេ ដែលនឹងមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការត្រឡប់មកប្រទេសម៉ុងហ្គោលីវិញ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីអនុលោមទៅតាមវិធានការបង្ការទុកជាមុន កុំឲ្យមានការចម្លងដល់អ្នកដ៏ទៃទៀត ក្នុងករណី ដែលលោកប្រធានាធិបតី ឬក៏មន្ត្រីឯទៀតបានឆ្លង COVID-19 ពីប្រទេសចិននោះ។
តាមប្រភពដដែលបានរាឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចខាងលើ លោក Battulga បានជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ដោយក្នុងនោះអ្នកទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ជាមួយគ្នានោះលោក Battulga ក៏មានប្រកាសផ្តល់សត្វចៀមចំនួន ៣០,០០០ក្បាលដល់ប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីការណ៍ អំពីករណីឆ្លងជំងឺ COVID-19 ណាមួយនៅក្នុងប្រទេសម៉ុងហ្គោលីនោះទេ។ ប៉ុន្តែរដ្ឋាភិបាលម៉ុងហ្គោលី បានចាត់វិធានការទប់ស្កាត់ជំងឺនេះរួចទៅហើយ ដូចជាវិធានការបិទសាលារៀនទាំងអស់ រហូតដល់ចុងខែមីនា ខណៈការបញ្ជូនធ្យូងថ្មទៅប្រទេសចិន ក៏ត្រូវបានផ្អាករហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ផងដែរ៕