(វ៉ាស៊ីនតោន)៖ បុរសម្នាក់នៅរដ្ឋវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរជាប់ខ្លួនស្រាប់ បានក្លាយជាជនរងគ្រោះដំបូងគេនៅអាមេរិក ដែលបានបាត់បង់ជីវិត ក្រោយឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

អ្នកជំងឺម្នាក់នោះ មានអាយុខ្ទង់៥០ឆ្នាំ និងមានជំងឺធ្ងន់ជាប់ខ្លួនស្រាប់មុនពេលឆ្លងជំងឺ COVID-19។ គាត់បានស្លាប់នៅឯមន្ទីរពេទ្យ EvergreenHealth ក្នុងក្រុង Kirkland ក្បែរទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ខណៈអាជ្ញាធរសុខាភិបាលអាមេរិក ពុំទាន់ច្បាស់នៅ ឡើយទេថា គាត់បានឆ្លងជំងឺនេះដោយរបៀបណា។

គួរជម្រាបថា យ៉ាងណាមិញ អ្នកជំងឺខាងលើមិនមែនជាជនជាតិអាមេរិកទីមួយ ដែលត្រូវបានជំងឺ COVID-19 ឆក់យកជីវិតឡើយ ដោយកាលពីខែកុម្ភៈ ជនជាតិអាមេរិកម្នាក់អាយុ៦០ឆ្នាំបានស្លាប់ដោយសារជំងឺនេះ នៅឯទីក្រុង Wuhan នៃប្រទេសចិន ដែលជា ចំណុចផ្ទុះដំបូង នៃការរីករាលដាលនូវជំងឺ COVID-19។ បច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់យ៉ាង តិច ៦៩នាក់ ហើយករណីខាងលើគឺជាករណីអ្នកជំងឺដំបូង ដែលបានស្លាប់នៅក្នុងទឹកដីអាមេរិក៕