(គូឡាឡាំពួ)៖ លោក Muhyiddin Yassin នាថ្ងៃអាទិត្យនេះ បានស្បថចូលកាន់តំណែងជាផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី ក្រោយភាពស្រពិចស្រពិលនៃស្ថានការណ៍នយោបាយនៅក្នុងប្រទេសនេះ បានកើតមានបន្ទាប់ពីការប្រកាសលាលែងពីតំណែង ភ្លាមៗដោយអតីតនាយករដ្ឋមន្រ្តី លោក Mahathir Mohamad។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

លោក Muhyiddin Yassin ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីប្រកាសតែងតាំងជានាយករដ្ឋមន្រ្តីទី០៨ នៃប្រទេសម៉ាឡេស៊ីកាលពី ថ្ងៃសៅរ៍ម្សិលមិញនេះ ដោយទ្រង់បានអះអាងថា លោកគឺជាបុគ្គលដែលទំនងជាមានសំឡេងភាគច្រើន នៅក្នុងសភា ហើយការ តែងតាំងនិងស្បថចូលកាន់តំណែងភ្លាមៗបែបនេះ គឺមិនអាចពន្យារពេលយូរឡើយសម្រាប់សុខុមាលភាពប្រជាជននិងប្រទេស ជាតិទាំងមូល។

គួរជម្រាបថា យ៉ាងណាមិញ នៅមុនពិធីស្បថចូលកាន់តំណែងរបស់លោក Muhyiddin អតីតនាយករដ្ឋមន្រ្តីរបស់ម៉ាឡេស៊ី លោក Mahathir បានអំពា វនាវឲ្យមានការបើកអង្គប្រជុំមុនកាលកំណត់នៅសភា ដើម្បីអាចឲ្យសមាជិកសភាទាំងអស់បញ្ចេញសំឡេងជា ផ្លូវការថា ពួកគេគាំទ្រឬមួយមិនគាំទ្រលោក Muhyiddin ជានាយករដ្ឋមន្រ្តី ហើយលោក Mahathir នៅតែប្រកាន់ជំហរដដែលថា រូបលោកមានសំឡេងគាំទ្រភាគច្រើនក្នុងសភា ដើម្បីបន្តធ្វើជានាយករដ្ឋមន្រ្តីពេញលេញឡើងវិញ។

លោក Mahathir បាន ប្រកាសលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ ប៉ុន្តែពេលនោះត្រូវបានព្រះមហាក្សត្រតែងតាំងឲ្យធ្វើជា នាយករដ្ឋមន្រ្តីបណ្តោះ អាសន្ន ដើម្បីរង់ចាំការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ មួយវិញទៀត លោក Mahathir និង លោក Muhyiddin គឺស្ថិតក្នុងគណបក្សនយោបាយជាមួយគ្នា៕