(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មនុស្សសរុប៤១,៦២៥នាក់ហើយ បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 ក្នុងចំណោមតួលេខអ្នកឆ្លងដែលបានកើនដល់ជិត៨០,០០០នាក់ នៅ ក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ចិន) កាលពីថ្ងៃសៅរ៍ ម្សិលមិញ មនុស្សចំនួន២,៥៦៣នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គិតត្រឹមថ្ងៃសៅរ៍ដដែល តួលេខនៃអ្នកដែលបានឆ្លងជំងឺ COVID-19 នៅក្នុងខេត្តនិងតំបន់ចំនួន៣១របស់ចិន គឺ៧៩,៨២៤នាក់ រីឯតួលេខអ្នកស្លាប់បានកើន ដល់២,៨៧០នាក់។

គួរជម្រាបថា តួលេខខាងលើនេះ គឺមិនបានរាប់បញ្ចូលទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់នោះទេ។ បច្ចុប្បន្ន នៅហុងកុង មានករណីឆ្លង COVID-19 ចំនួន៩៥នាក់ ក្នុងនោះស្លាប់២នាក់និងជាសះស្បើយ៣៣នាក់ រីឯនៅម៉ាកាវមានករណីឆ្លង១០ករណី ក្នុងនោះ៨នាក់ជាសះស្បើយ ខណៈតៃវ៉ាន់មាន៣៩ករណី ក្នុងនោះស្លាប់ម្នាក់និងជាសះស្បើយ៩នាក់៕