(រីយ៉ាដ)៖ ប្រធានអង្គការសុខភាពពិភពលោក Tedro Adhanom Ghebreyesus នាថ្ងៃអាទិត្យនេះ បានលើកឡើងថា ច្រកទ្វារឱកាសសម្រាប់គ្រប់គ្រងការរីករាលនៃជំងឺ COVID-19 កំពុងតែរួមតូចទៅៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Bloomberg នៅអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

យ៉ាងណាមិញ លោក Tedro បានលើកឡើងថា កុំឲ្យមានការភ័យខ្លាចហួសហេតុ និងជ្រួលច្របល់ ហើយប្រទេសនានាមិនត្រូវ បោះបង់បោលយុទ្ធសាស្រ្តគ្រប់គ្រងការរាតត្បាតនៃជំងឺឡើយ។ ការលើកឡើងរបស់លោកអគ្គលេខាធិការនៃអង្គការសុខភាព ពិភពលោក បានកើតមាន ស្របពេលដែលប្រទេសចំនួនបី គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងថៃ បានរាយការណ៍ពីករណីដំបូង នៃអ្នកបាត់បង់ជីវិត ពាក់ព័ន្ធជំងឺ COVID-19។

គួរជម្រាបថា បញ្ហាជំងឺ COVID-19 បានធ្វើឲ្យពិភពលោកព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយសារតែប្រទេសចំនួន៣ ក្រៅពីចិន គឺកូរ៉េខាងត្បូង អ៉ីរ៉ង់ និងអ៉ីតាលី កំពុងទទួលរងការវាយលុកលុយយ៉ាងខ្លាំងក្លាពីជំងឺនេះ។ អង្គការសុខពិភពលោក ក៏បានសម្រេច បង្កើនកម្រិតហានិភ័យនៃជំងឺ COVID-19 សម្រាប់សកលលោកទាំងមូល ដល់កម្រិតខ្ពស់ខ្លាំងផងដែរ៕