(គូឡាឡាំពួរ)៖ ការស្បថចូលកាន់តំណែងជាផ្លូវការ ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីរបស់លោក មូហ៍យីដឌីស យ៉ាសស៊ីន (Muhyiddin Yassin) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា ជាការបិទបញ្ចប់មហិច្ឆតាចង់កាន់តំណែងកំពូលនេះរបស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ដែលធ្លាប់ទន្ទឹមរង់ចាំឱកាសអស់រយៈពេលជាង ២០ឆ្នាំមកនេះ។
លោក Muhyiddin Yassin ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ប្រកាសតែងតាំងជានាយករដ្ឋមន្រ្តីទី ៨ នៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយទ្រង់បានមានព្រះបន្ទូលថា លោកគឺជាបុគ្គល ដែលទំនងជាមានសំឡេងភាគច្រើន នៅក្នុងសភា ហើយការតែងតាំង និងស្បថចូលកាន់តំណែងភ្លាមៗបែបនេះ គឺមិនអាចពន្យារពេលយូរឡើយសម្រាប់សុខុមាលភាពប្រជាជន និងប្រទេស ជាតិទាំងមូល។
ប៉ុន្តែនៅមុនពិធីស្បថចូលកាន់តំណែងរបស់លោក Muhyiddin អតីតនាយករដ្ឋមន្រ្តីរបស់ម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohammad) បានអំពាវនាវឲ្យមានការបើកអង្គប្រជុំមុនកាលកំណត់នៅសភា ដើម្បីអាចឲ្យសមាជិកសភាទាំងអស់ បញ្ចេញសំឡេងជាផ្លូវការថា ពួកគេគាំទ្រ ឬមួយមិនគាំទ្រលោក Muhyiddin ជានាយករដ្ឋមន្រ្តី ហើយលោក Mahathir នៅតែប្រកាន់ជំហរដដែលថា រូបលោកមានសំឡេងគាំទ្រភាគច្រើនក្នុងសភា ដើម្បីបន្តធ្វើជានាយករដ្ឋមន្រ្តីពេញលេញឡើងវិញ។
លោក Mahathir បានប្រកាសលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ ប៉ុន្តែពេលនោះត្រូវបានព្រះមហាក្សត្រ តែងតាំងឲ្យធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ដើម្បីរង់ចាំការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ មួយវិញទៀត លោក Mahathir និងលោក Muhyiddin គឺស្ថិតក្នុងគណបក្សនយោបាយជាមួយគ្នា។
ជុំវិញស្ថានការណ៍បច្ចុប្បន្ន លោក ហារីសុន ឆឹង (Harrison Cheng) មកពីក្រុមហ៊ុន Control Risks ដែលមានជំនាញខាងប្រឹក្សាយោបល់ពីហានិភ័យនយោបាយ និងសន្តិសុខ យល់ថា សុបិនចង់ក្លាយជានាយករដ្ឋមន្ត្រីរបស់លោក អាន់វ៉ា ហាក់ដូចជារលាយទៅតាមខ្យល់ ក្រោយលោក Muhyiddin ស្បថចូលកាន់តំណែងជាផ្លូវការ។ លោកបានបន្ថែមយ៉ាងដូច្នេះថា «នេះគឺជាការបញ្ចប់សុបិនដ៏យូអង្វែងរបស់លោក អាន់វ៉ា ដែលចង់ក្លាយជានាយករដ្ឋមន្ត្រី... គណបក្សចំរុះរបស់លោកហាក់ដូចជាមានភ្នំដ៏ធំ សម្បើមមួយនៅពីមុខដែលត្រូវឡើងឱ្យដល់កំពូល មុនការបោះឆ្នោតសកលមកដល់»។
គួរជម្រាបថា លោក អាន់វ៉ា អ៉ីប្រាហ៊ីម ធា្លប់ជាមនុស្សម្នាក់ដែលត្រូវបានគេរំពឹងខ្ពស់ថា នឹងអាចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីលោក មហាធៀ ដែលធ្លាប់បានសន្យាថា នឹងប្រគល់តំណែងនេះឱ្យលោកក្នុងរយៈពេល ០២ឆ្នាំ ក្រោយរួមដៃគ្នាយកឈ្នះលើអតីតគណបក្សកាន់អំណាច នៃអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ កាលពីឆ្នាំ២០១៨។ ប៉ុន្តែលោក មហាធៀ ផ្ទាល់មិនដែលបានកំណត់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងការផ្ទេរអំណាចនេះទេ ហើយនៅក្នុងការប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន លោកក៏មិនបានរំលឹកពីឈ្មោះលោក អាន់វ៉ា នោះដែរ។
គួរបញ្ជាក់ថា ក្រោយការប្រកាសចុះចេញពីតំណែងនេះ លោក អាន់វ៉ា បានព្យាយាមបង្កើតក្រុមចម្រុះមួយ ដើម្បីបង្ហាញព្រះមហាក្សត្រថា លោកអាចនឹងទទួលបានសំឡេងភាគច្រើនពីសមាជិកសភា តែត្រូវបានលោក មហាធៀ បដិសេធ។ រីឯគម្រោងបង្កើតរដ្ឋាភិបាលឯកភាពជាតិ របស់អតីតនាយរដ្ឋមន្ត្រីវ័យ ៩៤ឆ្នាំ រូបនេះ ក៏ត្រូវបានទទួលបរាជ័យដូចគ្នា ដោយសារតែលោក អាន់វ៉ា ទាត់ចោល ហើយព្រះមហាក្សត្របែរជាប្រកាសតែងតាំងលោក Muhyiddin ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីទៅវិញ៕
ប្រភព៖ សារព័ត៌មាន CNA (ដកស្រង់ផ្សាយនៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០)