(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាពលរដ្ឋឥណ្ឌូណេស៊ី២នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺ COVID-19 ដែលនេះគឺជាការទទួលស្គាល់ករណីឆ្លងជំងឺនេះដំបូងបំផុត នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
បើតាមលោក Widodo អ្នកជំងឺ COVID-19 ទាំងពីរនាក់ខាងលើ គឺជាស្ត្រីម្នាក់មានអាយុ៦៤ឆ្នាំ និងកូនស្រីរបស់គាត់មានអាយុ៣១ឆ្នាំ។ អ្នកទាំងពីរត្រូវបានគេធ្វើ តេស្ដរកឃើញថាបានឆ្លងជំងឺនេះ បន្ទាប់ពីបានទាក់ទងជាមួយពលរដ្ឋជប៉ុនម្នាក់ ដែលធ្លាប់មកធ្វើទេសចរកម្សាន្តនៅឥណ្ឌូណេស៊ី ហើយត្រូវបានគេពិនិត្យរកឃើញ ថាបានឆ្លង COVID-19 ក្រោយត្រឡប់ទៅដល់ប្រទេសម៉ាឡេស៊ី វិញ។
បច្ចុប្បន្ន អ្នកជំងឺទាំង២នាក់ម្ដាយកូននេះ កំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ ដោយមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរឡើយ រីឯអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី កំពុងតាមស្វែងរកមនុស្សដទៃទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយភ្ញៀវទេសចរជប៉ុនរូបនេះ៕