(ព្យុងយ៉ាង)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានរាយការណ៍ឲ្យដឹងថា មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានចុះទៅទស្សនា និងត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បង «កាំភ្លើងធំរយៈចម្ងាយឆ្ងាយ» កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «លោក គីម បានដឹកនាំការធ្វើសមយុទ្ធបាញ់សាកល្បងនេះដោយផ្ទាល់» បន្ទាប់ទទួលបានរបាយការណ៍ស្តីពីគម្រោងការធ្វើសមយុទ្ធមួយ នៅឯប៉ុស្តិ៍អង្កេតការណ៍របស់ខ្លួននាដើមឆ្នាំ២០២០ នេះ។
ក្នុងរបាយការណ៍ដដែលមិនបានបញ្ជាក់ថា តើគ្រាប់កាំភ្លើងធំដែលត្រូវបានបាញ់សាកល្បង ដោយកងអង្គភាពរងកាំភ្លើងធំរយៈចម្ងាយឆ្ងាយកាលពីថ្ងៃចន្ទនោះ ជាប្រភេទណាឲ្យច្បាស់លាស់ទេ។ ប៉ុន្តយោធាកូរ៉េខាងត្បូងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា មានមីស៊ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លូនចំនួន ០២គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន (Wonsan) នៅវេលាម៉ោង ១២៖៣៧នាទីថ្ងៃត្រង់។
ជាការកត់សម្គាល់ ការបាញ់សាកល្បងកាលពីថ្ងៃចន្ទម្សិលមិញនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើសមយុទ្ធយោធាមួយ ដែលប្រទេសនេះបានដាក់ឈ្មោះថា «សមយុទ្ធយោធារួមគ្នា» នៅតាមឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០២០នេះ៕