(បរទេស)៖ យោងតាមតួលេខក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ចំនួនករណីឆ្លង COVID-19 នៅក្រៅប្រទេសចិន នាពេលនេះបានបន្តកើនឡើងលើសពី១០,០០០ករណីហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នាថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

ក្នុងចំណោមករណីលើសពី១០,០០០នោះ គឺប្រទេសចំនួន៣រ៉ាប់រងច្រើនជាងគេ រួមមានកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់។​​​​ នៅកូរ៉េខាងត្បូង ចំនួនករណីឆ្លង COVID-19 បានកើនដល់៤,៨១២នាក់ ក្នុងនោះស្លាប់២៨នាក់ រីឯនៅអ៉ីតាលីបានកើនដល់២,០៣៦ករណី ក្នុងនោះស្លាប់​៥២នាក់ ខណៈករណីនៅអ៉ីរ៉ង់បានកើនដល់១,៥០១នាក់ ក្នុងនោះ៦៦នាក់បាត់បង់ជីវិត។ ក្រៅពីចិន មានតែ៣ប្រទេសនេះប៉ុណ្ណោះ ដែល​មានករណីដល់ខ្ទង់ពាន់។

គួរជម្រាបថា យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិននាថ្ងៃអង្គារនេះ ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសចិន បាន​កើនដល់៨០,១៥១នាក់​ ដោយក្នុងនោះស្លាប់២,៩៤៣នាក់​ និងជាសះស្បើយ៤៧,២០៤នាក់ ខណៈអត្រាឆ្លងនិងស្លាប់ថ្មីប្រចាំថ្ងៃ បានបន្តធ្លាក់​ចុះជាប់មករហូត​ ដែលជាសញ្ញាដ៏វិជ្ជមានមួយ។ តួលេខនេះមិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់នោះទេ។ នៅហុងកុងមាន១០០ករណី ដោយ​ក្នុងនោះ២នាក់ស្លាប់ និង៣៦នាក់ជា នៅម៉ាកាវមាន១០ករណី ក្នុងនោះ៨នាក់ជា និងនៅតៃវ៉ាន់មាន៤១ករណី ស្លាប់ម្នាក់និង១២នាក់ជា៕