(ស៊ីដនី)៖ បណ្ឌិត ឃើរី ឆេនត៍ (Kerry Chant) ប្រធានការិយាល័យសុខាភិបាល ប្រចាំរដ្ឋញូសោតវែលស៍របស់អូស្ត្រាលី (NSW) បានលើកឡើងថា ការកើនឡើងនូវចំនួនករណីរកឃើញអ្នកផ្ទុកមេរោគ COVID-19 មិនមែនជាការបញ្ជាក់ថា ប្រទេសអូស្ត្រាលីកំពុងមានការឆ្លងរាលដាល នៃវីរុសក៏កាចសាហាវនេះឡើយ ខណៈករណីដែលត្រូវបានរកឃើញភាគច្រើនបំផុត គឺសុទ្ធសឹងតែជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

បើតាមតួលេខបច្ចុប្បន្ន ប្រទេសអូស្ត្រាលីមានអ្នកផ្ទុក COVID-19 ដែលត្រូវបានរកឃើញចំនួន ៣៨ករណី។ ទោះបីជាបែបនេះក្តី បណ្ឌិត Chant បានលើកឡើងថា តួលេខនេះគឺបង្ហាញអំពីការឆ្លងរាលដាលកាន់តែខ្លាំង នៅក្នុងពិភពលោកប៉ុណ្ណោះ មិនមែននៅក្នុងប្រទេសអូស្ត្រាលីនោះទេ ព្រោះករណីដែលត្រូវបានរកឃើញស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសផ្សេងៗ ចូលមកក្នុងទឹកដីអូស្ត្រាលី។

មន្ត្រីសុខាភិបាលជាន់ខ្ពស់អូស្ត្រាលីខាងលើនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ការរកឃើញមេរោគផ្ទុកក្នុងខ្លួនមនុស្ស ដែលធ្វើដំណើរមកពីប្រទេសនានា មានការកើនឡើង គឺវាបង្ហាញអំពីភាពធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងនោះទៅវិញទេ។ យើងមានលទ្ធភាព នៅក្នុងការពិនិត្យឃើញមេរោគទាំងនោះ (COVID-19) ហើយយកអ្នកផ្ទុកទាំងអស់ ទៅដាក់នៅកន្លែងផ្សេងដាច់ពីគេ ដើម្បីពិនិត្យ និងព្យាបាលព្រមទាំងបង្ការកុំឲ្យឆ្លងទៅអ្នកដទៃទៀត»។

គួរបញ្ជាក់ថា បើគិតពីការចម្លងគ្នានៅក្នុងប្រទេសអូស្ត្រាលីវិញ គឺទើបតែកើតមានឡើងមួយករណីប៉ុណ្ណោះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយស្ត្រីវ័យ ៤១ឆ្នាំម្នាក់ និងបុរសជាបុគ្គលិកសុខាភិបាលវ័យ ៥១ឆ្នាំម្នាក់បានឆ្លងមេរោគ COVID-19 ពីគ្នា៕