(សិង្ហបុរី)៖ និស្សិតជាជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានគេវាយបែកមុខបែកមាត់ បន្ទាប់ពីរូបគេ បានប្រតិកម្ម ទៅនឹងយុវជនមួយក្រុម ដែលកំពុងនិយាយបែបរើសអើងពូជសាសន៍អំពីជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារទី០៣ ខែមីនា ឆ្នាំ២០២០។

លោក Jonathan Mok អាយុ២៣ឆ្នាំ ដែលជាជនរងគ្រោះ បានរៀបរាប់ថា ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រហែលជា ៩៖១៥ នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ នៅតាមដងផ្លូវ oxford ក្នុងទីក្រុងឡុងដ៍។ កំឡុងពេលនោះ គាត់បានដើរកាត់យុវជនមួយក្រុម ដែលមានគ្នាបួននាក់ ដោយក្នុងនោះមានប្រុសបី ស្រីមួយ ហើយគាត់ក៏បានលឺសម្លេងថា «វីរុសកូរ៉ូណា» ចេញពីមាត់ពួកគេ។

នៅពេលនោះលោក Mok ក៏បានងាកមើលពួកគេ។ តែភ្លាមៗនោះដែរ ម្នាក់ក្នុង ចំណោមជនសង្ស័យបានស្រែកថា «ឯងហ៊ានមើលមុខយើងផង?» ហើយក៏បានដើរចូលមកដាល់ចំមុខម្តងហើយម្តងទៀត ខណៈនោះដែរក៏មានម្នាក់ទៀត បានព្យាយាមលោតមកទាត់ធាក់ជនរងគ្រោះផងដែរ ដោយបានស្រែកថា «យើងមិនចង់បានវីរុសកូរ៉ូណារបស់អ្នក ចូលក្នុងប្រទេសរបស់យើងទេ» មុននឹងពួកគេ រត់គេចខ្លួនបាត់។

ជុំវិញរឿងនេះដែរ អាជ្ញាធរប៉ូលិស កំពុងតែស៊ើបអង្កេត និងស្វែងរកជនសង្ស័យ ហើយក៏បានស្នើរឲ្យសាក្សីនៅកន្លែងកើតហេតុ ចេញមកជួយធ្វើសាក្សីផងដែរ៕