(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ ILNA នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា ប្រធានផ្នែកសេវាសុខាភិបាលសង្គ្រោះបន្ទាន់អ៉ីរ៉ង់ លោក Pirhossein Kolivand បានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មាន ILNA លោក Kolivand កំពុងស្ថិតនៅស្ថានភាពនឹងនរ ដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីនោះទេ។ ការប្រកាសពីការរកឃើញករណីឆ្លង COVID-19 លើលោក Kolivand កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក Mohammad Mirmohammadi ដែលជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ មេដឹកនាំកំពូលអ៉ីរ៉ង់ បានបាត់បង់ជីវិតដោយសារជំងឺនេះកាលពីថ្ងៃចន្ទ ម្សិលមិញ។ ម្យ៉ាងវិញទៀត កាលពីប៉ុន្មានសប្ដាហ៍មុន អតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ ប្រចាំបុរីវ៉ាទីកង់
លោក Hadi Khosroshahi ក៏បានស្លាប់ផងដែរ ក្រោយឆ្លងជំងឺ COVID-19 ស្របពេលលោក Iraj Harirchi ជាអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ ត្រូវបានគេធ្វើតេស្ដ រកឃើញថាឆ្លងជំងឺនេះដូចគ្នា។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ គិតត្រឹមល្ងាចនៅថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់៧៧នាក់ហើយ និងឆ្លងជាង ២៣៣៦នាក់៕