(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិន នៅថ្ងៃពុធនេះបានឱ្យដឹងថា អ្នកជំងឺ COVID-19 សរុប២,៦៥២នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ នៅរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

បើតាមគណៈកម្មាការសុខាភិបាលចិន អ្នកជំងឺសរុបចំនួន៤៩,៨៥៦នាក់ហើយ បានចាកចេញពីមន្ទីរពេទ្យ នៅទូទាំំងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី។ បន្ថែមពីលើនេះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃដែលចេញនៅព្រឹកថ្ងៃពុធនេះ គណៈកម្មការក៏បានឱ្យដឹងដែរថា ចំនួនឆ្លងបានកើនដល់៨០,២៧០នាក់ និងស្លាប់២,៩៨១នាក់។

គួរបញ្ជាក់ថា តួលេខថ្មីៗខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន។ ដោយឡែកមនុស្ស ៥២០នាក់កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យសុខភាពនៅឡើយ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគ COVID-19 ដែរឬមួយក៏អត់៕