(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនៅល្ងាចថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នេះបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៤ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ កើនឡើងដល់ ៥០ករណីនៅទូទាំងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងថ្មីៗទាំង ១៤ករណីនេះ គឺជាផ្នែកមួយការចម្លងវីរុសទៅគ្នា ខ្លាំងបំផុតជាលើកទីពីរនៅក្នុងប្រទេស ដែលលើកទីមួយនោះ គឺបានកើតមានឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយបន្ទាប់ពីនោះមក គ្មានករណីឆ្លង COVID-19 ថ្មីណាមួយ ត្រូវបានរាយការណ៍នោះទេក្នុងរយៈពេល ១១ថ្ងៃចុងក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា ការផ្ទុះករណីឆ្លងជាលើកទីពីរនេះ គឺមានពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគ COVID-19 ទី ២៦ នៅក្នុងប្រទេស។ ផ្អែកលើការស៊ើបអង្កេត និងតាមដានប្រវត្តិនៃទំនាក់ទំនង ដែលត្រូវបានអនុវត្តរហូតមកដល់បច្ចុប្បន្ន មនុស្សជិតស្និទ្ធនឹងអ្នកជំងឺទី ២៦ ចំនួន ២១៥នាក់ត្រូវបានអាជ្ញាធររកឃើញ ហើយក្នុងនោះ ១៦នាក់ត្រូវបានតេស្ត និងរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈ ១៩នាក់ទៀតគឺអវិជ្ជមាន ហើយ ១៨០នាក់កំពុងរង់ចាំលទ្ធផលធ្វើតេស្តនៅឡើយ។
គួរជម្រាបថា អ្នកជំងឺ COVID-19 ទី ២៦ របស់ប្រទេសម៉ាឡេស៊ី គឺជាបុរសជនជាតិម៉ាឡេស៊ីម្នាក់អាយុ ៥២ឆ្នាំ ដែលមានប្រវត្តិធ្វើដំណើរទៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីពាក់កណ្តាលខែមករាកន្លងទៅ។ បុរសរូបនោះបានចាប់ផ្តើមក្តៅខ្លួន និងឈឺបំពង់កកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយបានស្វែងរកការព្យាបាល នៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅថ្ងៃដដែល។ លុះដល់ថ្ងៃទី២៩ ខែកុម្ភៈ ទើបរូបគាត់ត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគ COVID-19 យ៉ាងពិតប្រាកដ៕