(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតូក្យូ បានឱ្យដឹងថា ជប៉ុន និងចិន បានឯកភាពគ្នាក្នុងការផ្អាកការបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតី ស៊ី ជិនពីន មកកាន់ប្រទេសជប៉ុន ដោយសារតែប្រទេសទាំងពីរកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង មកកាន់ទីក្រុងតូក្យូ កាលពីដំបូង គ្រោងនឹងធ្វើឡើងនៅដើមខែមេសា ខាងមុខនេះ។ លោក Suga បន្ថែមថា ការសម្រេចចិត្តលើកពេលនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីការរៀបចំកាលបរិច្ឆេទជាថ្មីឡើយ ដោយគ្រាន់តែដឹងថាដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹងត្រូវ ធ្វើឡើងនៅពេលវេលាល្អ ជាងពេលបច្ចុប្បន្ន៕