(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនានេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនទើបតែបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៤ករណី បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៤៧ នាក់នៅទូទាំងប្រទេស។ នេះបើយោងតាមការផ្សាយចេញពីសារព័ត៌មាន CNA។
លោក Suwanchai Wattanayingcharoen អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា ម្នាក់ក្នុងចំណោម ៤ករណីថ្មីខាងលើ គឺជាជនជាតិអ៊ីតាលី អាយុ២៩ ឆ្នាំ បានមកដល់ប្រទេសថៃកាលពីថ្ងៃទី ០១ ខែមីនា ហើយត្រូវបានគេតេស្តឃើញថាមានផ្ទុក COVID-19 នៅថ្ងៃបន្ទាប់។ ចំណែកឯ អ្នកទីពីរ គឺជាបុគ្គលិកការិយាល័យជនជាតិថៃអាយុ ៤២ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលីនៅថ្ងៃទី ២ ខែមីនា និងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ ថាមានផ្ទុកវីរុសនេះនៅថ្ងៃទី ០៣ ខែមីនា នៅក្នុងមន្ទីរពេទ្យខេត្តច័ន្ទបុរី។
ដោយឡែក សម្រាប់ករណីទី ៣ និងទី ៤ ពួកគេជានិស្សិត ម្នាក់ជាជនជាតិចិន ហើយម្នាក់ទៀតជាជនជាតិថៃ ដែលទើបតែត្រលប់មកពីប្រទេសអ៊ីរ៉ង់។
គួរជម្រាបថា ប្រទេសថៃបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១នាក់ ខណៈ៣១ នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ហើយ ១៥ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕