(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា ក្រុមជំនាញបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួនម្នាក់ទៀតហើយ ដែលវាជាករណីទី ១៧ នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

អ្នកផ្ទុក COVID-19 ថ្មីដែលត្រូវបានរកឃើញនេះ គឺជាស្ត្រីជនជាតិវៀតណាមវ័យ ២៦ឆ្នាំ ដែលទើបមកពីសួរសុខទុក្ខបងប្អូននៅអង់គ្លេស រួចបន្ទាប់មកនាងក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី ហើយទើបបកត្រឡប់មកកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាមវិញ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមកន្លងមកនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ១៦ករណី ហើយក្នុងនោះក្រុមគ្រូពេទ្យវៀតណាមបានព្យាបាល​អ្នកជំងឺឲ្យជាសះស្បើយវិញទាំង ១៦នាក់តែម្តង។ សម្រាប់ករណីថ្មីទី ១៧ នេះមិនទាន់មានប្រភពបញ្ជាក់ថា កំពុងស្ថិតនៅក្នុងស្ថានភាពបែបណាឡើយ៕