(រ៉ូម)៖ ប្រទេសអ៉ីតាលីបានរាយការណ៍ថា អ្នកជំងឺ ៤៩នាក់បន្ថែមទៀតហើយបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនឡើងដល់ ១៩៧នាក់ ហើយចំនួននេះបានប្រែក្លាយអ៉ីតាលី ទៅជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់លេខ ២ បន្ទាប់ពីចិនដែលមានមនុស្សស្លាប់ជាង ៣,០០០នាក់រួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលអ៉ីតាលី ពេញមួយថ្ងៃសុក្រម្សិលមិញ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ៤,៦៣៦ករណី បន្ទាប់ពីករណីថ្មីៗ ៧៧៨ ទៀតត្រូវបានរកឃើញ។ ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលអ៉ីតាលីបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា ដែលនេះមានន័យថា សិស្ស-និស្សិត ៨.៥លាននាក់ត្រូវនៅស្ថិតនៅក្នុងផ្ទះ និងមិនអាចទៅសាលារៀនរបស់ពួកគេ។

បន្ថែមពីលើនេះ ការប្រកួតបាល់ទាត់ និងព្រឹត្តិការណ័កីឡាដទៃទៀត នឹងត្រូវប្រព្រឹត្តដោយគ្មានអ្នកគាំទ្រក្នុងរយៈពេលមួយខែ ហើយភូមិចំនួន ១១ មានប្រជាជន ៥០,០០០នាក់ ត្រូវស្ថិតនៅក្រោមការដាក់ឱ្យដាច់ដោយឡែកពីគេ សម្រាប់សប្ដាហ៍ទី២។ រដ្ឋាភិបាលអ៉ីតាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ចេញកញ្ចប់ថវិកា ៨.៤ពាន់លានដុល្លារ ផងដែរ ដើម្បីស្ដារខូចខាតដែលបង្កឡើងដោយ COVID-19។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រម្សិលមិញនេះ គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត ដោយសារតែ COVID-19 នៅអ៉ីតាលី។ ដោយឡែកក្នុងចំណោមការឆ្លងទាំង ៤,៦៣៦ករណីនោះមានអ្នកជំងឺ ៥២៣នាក់ហើយបានជាសះស្បើយ៕