(វែលីងតោន)៖ អាជ្ញាធរសុខាភិបាលប្រទេសនូវែលសេឡង់ បានប្រកាសពីការរកឃើញករណីទី៥ នៃអ្នកឆ្លងជំងឺ COVID-19 នៅលើទឹកដីរបស់ខ្លួននាព្រឹកថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី ០៧ ខែមីនា ឆ្នាំ២០២០។

លោក Ashley Bloomfield ដែលជាអគ្គនាយកផ្នែកសុខាភិបាលរបស់ប្រទេសនូវែលហ្សេឡង់ បានប្រាប់ឲ្យដឹងថា ករណីទី៥នេះ គឺជាស្ត្រីជនជាតិនូវែលសេឡង់ផ្ទាល់ មានវ័យ៤០ឆ្នាំ ជាភរិយារបស់បុរស ដែលជាអ្នកជំងឺករណីទី៣។ ស្ត្រីរូបនេះកំពុងស្នាក់នៅ ដាច់ដោយឡែក ពីគេឯងក្នុងផ្ទះរបស់គាត់ តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមកម្ល៉េះ។ ដូចករណីចំនួនបីកន្លងទៅដែរ ករណីនេះមិនតម្រូវឲ្យមានការថែទាំកម្រិតមន្ទីរពេទ្យទេ។

លោក Bloomfield បាននិយាយថា ប្រទេសនូវែលហ្សេឡង់ ស្ថិតនៅក្នុងដំណាក់កាលមួយដែលនឹងមានការរកឃើញករណី COVID-19 ជាបន្តបន្ទាប់ទៀត។ ប៉ុន្តែលោកបានអះអាងថារដ្ឋាភិបាលរបស់លោក គឺមានផែនការច្បាស់លាស់ ដើម្បីប្រឈមមុខនឹងបញ្ហាជំងឺរាតត្បាតមួយនេះ។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ អាជ្ញាធរប្រទេសនូវែលហ្សេឡង់បានរាយការណ៍ថា មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៥នាក់ ហើយនៅទូទាំងប្រទេស ខណៈករណីស្លាប់ដោយសារជំងឺនេះមិនទាន់មាននៅឡើយទេ៕