(អាហ្រ្វិក)៖ ប្រទេសតូហ្គោទើបតែបានរកឃើញករណីឆ្លងដំបូងនៃ COVID-19 ក្លាយជាប្រទេសទី៩ នៅទ្វីបអាហ្រ្វិកដែលមានអ្នកឆ្លងជំងឺនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលរបស់តូហ្គោ អ្នកជំងឺម្នាក់នោះជាស្រ្តីវ័យ៤២ឆ្នាំ ដែលមានទីលំនៅក្នុងរដ្ឋធានី Lome។ គាត់ធ្លាប់មានប្រវត្តិធ្វើដំណើរទៅអាល្លឺម៉ង់ បារាំង និងតួកគី កាលពីចន្លោះចុងខែកុម្ភៈ និងដើមខែមីនានេះ។ អាជ្ញាធរតូហ្គោបានបញ្ជាក់ថា អ្នកជំងឺខាងលើ កំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

គួរជម្រាបថា បច្ចុប្បន្ននៅទ្វីបអាហ្រ្វិកមានករណីឆ្លង COVID-19 សរុប៤១នាក់ហើយ ក្នុងនោះមានប្រទេសចំនួន៩ ដូចជាអាហ្សេរី អេហ្ស៊ីប សេនីហ្គាល់ ទុយនេស៊ី ម៉ារ៉ុក អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា កាមេរូន និងតូហ្គោ៕