(ស៊ីដនី)៖ អាជ្ញាធរសុខាភិបាលអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានបញ្ជាឲ្យបិទគ្លីនិកមួយកន្លែង ស្ថិតនៅទីក្រុងមែលប៊ន (Melboune) និងកំពុងទាក់ទងរកមនុស្សចំនួនប្រហែល ៧០នាក់ផ្សេងទៀត ដែលជាអ្នកជំងឺរបស់វេជ្ជបណ្ឌិតម្នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុស COVID-19 នៅក្នុងខ្លួនបន្ទាប់ពីបានត្រឡប់មកពីសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីសុខាភិបាលរដ្ឋ វិចតូរៀ (Victoria) លោកស្រី ចេននី មីខាខូស (Jenny Mikakos) បានប្រាប់សន្និសីទកាសែតថា វេជ្ជបណ្ឌិតដែលមានផ្ទុកវីរុស COVID-19 ខាងលើមានអាការៈមិនស្រួលខ្លួន ហើយហៀរសំបោរ តាំងពីលោកកំពុងធ្វើដំណើរនៅលើជើងហោះហើរក្នុងស្រុក របស់សហរដ្ឋអាមេរិកមកម្ល៉េះ ពោលគឺមុនពេល ដែលលោកបានហោះហើរទៅកាន់ទីក្រុង Melbourne របស់ក្រុមហ៊ុនអាកាសចរណ៍ យូណៃធីតអ៊ែរឡាញ (United Airlines)។ ដូច្នេះលោកស្រីបានសន្មត់ថា ទំនងជាបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ តាំងពីលោកស្ថិតនៅសហរដ្ឋអាមេរិកមកម៉េ្លះ។

លោកស្រីបានបញ្ជាក់ទៀតថា វេជ្ជបណ្ឌិតរូបនោះបានត្រឡប់មកដល់អូស្ត្រាលីវិញ កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ ហើយនៅចន្លោះថ្ងៃទី០២ ទៅដល់ទី០៦ ខែមីនានេះ លោកទទួលព្យាបាលឲ្យអ្នកជំងឺដែលជាអតិថិជនគ្លីនិករបស់លោក ចំនួនប្រហែលជា ៧០នាក់។ អ្នកជំងឺទាំងអស់នោះ ត្រូវបានសមត្ថិកិច្ចកំពុងទាក់ទង និងតាមដានយ៉ាងសកម្ម។ ដោយឡែកសម្រាប់អ្នកដែលមានទំនាក់ទំនងនឹងអ្នកជំងឺ ក្នុងកំឡុងពេលធ្វើដំណើរ ក៏នឹងត្រូវទាក់ទងឲ្យបានឆាប់តាម ដែលអាចរកបានផងដែរ។

គួរជម្រាបថា អាជ្ញាធររដ្ឋញូសោតវែលស៍ (NSW) របស់អូស្រ្តាលី បានរាយការណ៍ពីការរកឃើញអ្នកកើតជំងឺ COVID-19 ចំនួន ០៦ ករណី បន្ថែមទៀតក្នុងរយៈពេលតែមួយយប់ម្សិលមិញប៉ុណ្ណោះ។ ប្រការនេះបានធ្វើឲ្យអ្នកឆ្លង COVID-19 នៅអូស្ត្រាលីបានកើនដល់ជិត ៧០ករណីហើយ ក្នុងនោះ ០២នាក់បាត់បង់ជីវិត ហើយករណីភាគច្រើនបំផុត គឺជាអ្នកធ្វើដំណើរមកពីបរទេស៕