(វ៉ាស៊ីនតោន)៖ មនុស្សពីរនាក់ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ក្រោយពួកគេបានចូលរួមសន្និសីទមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence), រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ព្រមទាំងសមាជិកសភាអាមេរិកជាច្រើននាក់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

មនុស្សទាំងពីរនាក់នោះបានធ្វើដំណើរពីរដ្ឋ ញូយ៉ក (New York) ដើម្បីទៅចូលរួមព្រឹត្តិការណ៍ខាងលើ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០១ ដល់ ទី០៣ ខែមីនា ខណៈបើតាមអាជ្ញាធរអាមេរិក រដ្ឋ New York ទើបតែរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីៗ ២២នាក់ហើយចំនួនសរុបកើនដល់ ៤៤នាក់។ យ៉ាងណាមិញមិនទាន់មានការរាយការណ៍ អំពីការរកឃើញអ្នកដទៃទៀត ដែលចូលរួមក្នុងសន្និសីទខាងលើឆ្លង COVID-19 នោះទេ។

គួរជម្រាបថា សន្និសីទនោះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ រួមមានលោក Pence, លោក Peompeo, ប្រធានព្រឹទ្ធសមាជិកសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក មីត ម៉ាកខុនណែល (Mitch McConnell) និងមហាសេដ្ឋីអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិកលោក ម៉ៃឃើល ប្លូមប៊ឺក (Mike Boomberg) ស្របពេលដែលសន្និសីទដដែលនោះត្រូវបានគេរំពឹងថា មានមនុស្សប្រហែល ១៨,០០០នាក់បានចូលរួម។

បច្ចុប្បន្ននៅសហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 យ៉ាងតិច ៣៣២នាក់ និងមានអ្នកស្លាប់ ១៧នាក់ ក្នុងនោះ១៤នាក់ស្លាប់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ម្នាក់នៅកាលីហ្វរញ៉ា និងពីរនាក់នៅរដ្ឋផ្លូរីដា។ គិតមកទល់ពេលនេះ រដ្ឋនៅអាមេរិកចំនួន ២៨ហើយបានប្រកាសពីករណីជាក់ស្តែង ឬក៏ ករណីសង្ស័យនៃអ្នកឆ្លងវីរុស COVID-19។ ចំណែកមនុស្ស ២១នាក់ នៅលើកប៉ាល់ទេសចរណ៍ឈ្មោះថា Grand Princess នៅរដ្ឋកាលីហ្វរញ៉ា ក៏ត្រូវបានធ្វើតេស្តរកឃើញផ្ទុក COVID-19 ផងដែរក្នុងចំណោមមនុស្សប្រមាណ ៣,០០០នាក់៕