(បរទេស)៖ បណ្តាញព័ត៌មានលោកខាងលិចបាន ចូលរួមយ៉ាងសកម្មនិងបានធ្វើការពណ៌នាជាផ្លូវការថា ការផ្ទុះឡើងនៃវីរុស Coronavirus ថ្មីនេះ បានចាប់ផ្តើមនៅក្នុងប្រទេសចិន ដោយលើកឡើងថា វាមានដើមកំណើតចេញពីសត្វ នៅក្នុងផ្សារមួយនៅទីក្រុងវូហាន។
តាមពិតអស់ពេលជាយូរណាស់មកហើយ ដើមកំណើតរបស់វីរុស នេះមិនត្រូវបានគេដឹងទេ។ ប៉ុន្តែពេលនេះបើយោងទៅតាមរបាយការណ៍របស់ចិន និងជប៉ុនបានបង្ហាញថា វីរុសនេះមានដើមកំណើតមកពីទីតាំងផ្សេងៗជាច្រើន ប៉ុន្តែបានចាប់ផ្តើមរីករាលដាល យ៉ាងខ្លាំងបន្ទាប់ពីបានទៅដល់ទីផ្សារនៅវូហាន។
និយាយឱ្យចំទៅ វីរុសនេះមិនមានដើមកំណើតនៅប្រទេសចិនទេ ហើយបើយោងតាមរបាយការណ៍ជាភាសាជប៉ុន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត «វីរុសនេះប្រហែលជាមានដើមកំណើត មកពីសហរដ្ឋអាមេរិក»។
បន្ទាប់ពីប្រមូលសំណាកហ្សែននៅក្នុងប្រទេសចិន អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញជាដំបូងថា វីរុសនេះមិនមានប្រភពចេញមកពីផ្សារអាហារសមុទ្រទេ ប៉ុន្តែមានប្រភពមិនស្គាល់អត្តសញ្ញាណជាច្រើន។ ការសិក្សាថ្មីមួយ ដោយអ្នកស្រាវជ្រាវជនជាតិចិនបង្ហាញថា វីរុស Coronavirus ថ្មីនេះអាចចាប់ផ្តើម ឆ្លងពីមនុស្សទៅមនុស្សនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ពីកន្លែងមួយដែលមិនមែននៅទីផ្សារលក់អាហារសមុទ្រនៅវូហានទេ។
ការសិក្សាដែលបានចុះផ្សាយ នៅលើគេហទំព័រ ChinaXiv បានបង្ហាញថា Coronavirus ថ្មីនេះ ត្រូវបានគេនាំទៅកាន់ទីផ្សារអាហារសមុទ្រ ពីទីតាំងមួយផ្សេងទៀត ហើយបន្ទាប់មកបានរីករាលដាល យ៉ាងឆាប់រហ័សចេញពីផ្សារនោះ ដោយសារតែការប៉ះពាល់ជិតស្និទ្ធ។ ការសិក្សាជឿថា អ្នកផ្ទុកវីរុសនេះបាន ចម្លងវីរុសនេះទៅឱ្យកម្មករ ឬ អ្នកលក់ណាម្នាក់នៅផ្សារអាហារសមុទ្រហួណាន ដែលជាទីផ្សារអ៊ូអរ ងាយស្រួលក្នុងការចម្លងវីរុសបន្តទៅអ្នកទិញ ដែលបណ្តាលឱ្យមានការរីក រាលដាលកាន់តែខ្លាំងនៅដើមខែធ្នូ ឆ្នាំ២០១៩។
អាជ្ញាធរវេជ្ជសាស្ត្រចិន និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ បន្ទាប់មកក៍បានធ្វើការស្រាវជ្រាវរកប្រភពដើមនៃវីរុសនេះ ដោយប្រមូលសំណាក ហ្សែនជិត ១០០គំរូពីប្រទេសចំនួន ១២ នៅលើទ្វីបចំនួន០៤ ដើម្បីកំណត់ភាពផ្សាំ និងបម្រែបម្រួលនៃវីរុស។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវនេះ ពួកគេបានកំណត់ថា ការផ្ទុះប្រហែលជាបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីការប្រារព្ធពិធី Military Game នៅទីក្រុងវូហាន។
បន្ទាប់មកពួកគេបានធ្វើការសន្និដ្ឋាន ដូចគ្នានឹងអ្នកស្រាវជ្រាវជនជាតិជប៉ុនដែរថា វីរុសនេះមិនបានចាប់ផ្តើមនៅ ប្រទេសចិនទេ ប៉ុន្តែត្រូវបាននាំមកពីខាងក្រៅ។ បើតាមអ្នកជំនាញផ្លូវដង្ហើម កំពូលរបស់ប្រទេសចិនលោក ចុង ណាសាន (Zhong Nanshan) បាននិយាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា «បើទោះបីវីរុស Covid-19 ត្រូវបានគេរកឃើញដំបូង នៅប្រទេសចិនក៏ដោយ ក៏វាមិនមានន័យថា វាមានប្រភពដើមចេញមកពីប្រទេសចិននោះដែរ»។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានផ្សាយថា វីរុស Coronavirus ថ្មីអាចមាន ដើមកំណើតមកពី សហរដ្ឋអាមេរិក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ របាយការណ៍ព័ត៌មាន Asahi របស់ជប៉ុនបានអះអាងថា មេរោគនេះមានដើមកំណើតនៅសហរដ្ឋអាមេរិក មិនមែននៅប្រទេសចិនទេ ហើយមួយចំនួន (ឬច្រើន) នៃ ការស្លាប់របស់ជនជាតិអាមេរិកចំនួន ១៤,០០០នាក់ ដែលត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារជំងឺផ្តាសាយ តាមពិតអាចបណ្តាលមកពីវីរុស Coronavirus ថ្មីនេះឯង។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ពួកគេនឹងចាប់ផ្តើមធ្វើតេស្ត អ្នកដែលមានជំងឺដូចជំងឺផ្តាសាយដើម្បីរកមើលវីរុស Coronavirus ថ្មីនេះ នៅមន្ទីរពិសោធន៍សុខភាពសាធារណៈនៅ Los Angeles, San Francisco, Seattle, Chicago និងញូវយ៉ក។
បណ្តាញទូរទស្សន៍ Asahi បានបង្ហាញឯកសារវិទ្យាសាស្ត្រ សម្រាប់ការអះអាងរបស់ពួកគេដោយលើកឡើងថា គ្មាននរណាម្នាក់អាចដឹងពីមូលហេតុនៃការស្លាប់នោះទេ ពីព្រោះសហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ ក្នុងការធ្វើតេស្ត ឬមិនបានបង្ហាញ លទ្ធផល។ ប្រទេសជប៉ុនព្យាយាមមិនឆ្លើយសំណួរ ពាក់ព័ន្ធនឹងបញ្ហាថា តើវីរុសនេះកើតឡើងដោយឯកឯង ឬត្រូវបានបង្កើតឡើងដោយមនុស្ស ហើយវាកើតឡើងដោយចៃដន្យ ឬក៏មានចេតនាអ្វីមួយនៅពីក្រោយ។
ទោះជាយ៉ាងណា ជប៉ុនគ្រាន់តែបញ្ជាក់ថា «ការផ្ទុះឡើងនៃវីរុសខាងលើនេះ អាចកើតមានមុនគេនៅសហរដ្ឋអាមេរិក»។ ការអះអាងទាំងនេះ មិនត្រឹមតែកើតមាននៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមាននៅក្នុងប្រទេសចិនផងដែរដែលបាន រាលដាលពាសពេញបណ្តាញសង្គមចិន ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ Military World Game ដែលត្រូវបាន ប្រារព្ធធ្វើនៅទីក្រុងវូហានកាលពីខែតុលា ហើយត្រូវបានគេយល់ថា វីរុសនេះអាចត្រូវបានចម្លងនៅពេលនោះ មកពីប្រភពជនជាតិបរទេស។
ប្រហែលជាប្រតិភូអាមេរិកបាននាំវីរុសនេះទៅវូហាន ហើយបម្រែបម្រួលមួយចំនួនបានកើតឡើងចំពោះវីរុសនេះ ដែលធ្វើឱ្យវាកាន់តែ មានលក្ខណៈធ្ងន់ធ្ងរ និងងាយឆ្លង ដែលជាហេតុបណ្តាលឱ្យមានការរីក រាលដាលយ៉ាងខ្លាំងនៅឆ្នាំនេះ។
អ្នកជំនាញខាងផ្នែកវីរុសជនជាតិតៃវ៉ាន់បានលើកឡើងថា វីរុស Coronavirus ថ្មីនេះ មានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយបន្ទាប់មក តៃវ៉ាន់បានផ្សាយកម្មវិធីព័ត៌មានតាមទូរទស្សន៍មួយ នៅថ្ងៃទី២៧ ខែកុម្ភៈ ដែលបង្ហាញដ្យាក្រាម ( Diagram) និងគំនូសតាងមួយដែលបង្ហាញថា វីរុសនេះមានប្រភពមកពីសហរដ្ឋអាមេរិក។
ខ្លឹមសារនៃព័ត៌មានផ្សាយនោះ គឺអ្នកជំនាញខាងផ្នែកវីរុស និងឱសថបានពន្យល់ថា ប្រភេទវីរុសដែលឆ្លងនៅតៃវ៉ាន់ កើតមានតែនៅអូស្រ្តាលី និងអាមេរិកប៉ុណ្ណោះ ហើយដោយសារជនជាតិចិនតៃវ៉ាន់ មិនអាចឆ្លងពីជនជាតិអូស្ត្រាលី ដូច្នេះការឆ្លងនៅតៃវ៉ាន់អាចកើតចេញពីជនជាតិអាមេរិក។
ទីតាំងភូមិសាស្ត្រ ដែលមានភាពខុសគ្នាច្រើនបំផុតនៃវីរុស ត្រូវតែជាប្រភពដើមនៃវីរុស។ «មានតែសហរដ្ឋអាមេរិកទេដែលមានវីរុសទាំង ៥ប្រភេទដែលត្រូវបានគេស្គាល់ (ខណៈពេលដែលវូហាន និងករណី ភាគច្រើននៅចិនមានតែមួយប្រភេទ ហើយក៏ដូចគ្នាសម្រាប់តៃវ៉ាន់ និងកូរ៉េខាងត្បូង ថៃនិងវៀតណាម សិង្ហបុរីនិងអង់គ្លេស ប៊ែលហ្សិក និងអាល្លឺម៉ង់) ដែលអាចបញ្ជាក់ថា ហ្សែននៃវីរុស ដែលមាននៅក្នុងប្រជាជាតិដទៃទៀត ប្រហែលជាមានដើមកំណើតមកពីសហរដ្ឋអាមេរិក»។
ប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់មានគំរូហ្សែននៃវីរុសខុសពីប្រទេសចិន ដែលប្រហែលជាមានការចម្លងច្រើន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតច្រើនទេ (ដែលអាចមានអត្រាស្លាប់តែ ១/៣ នៃប្រទេសចិន)។
ទាំងអ៊ីរ៉ង់ និងអ៊ីតាលី មិនត្រូវបានគេរាប់បញ្ចូលក្នុងការធ្វើតេស្តខាងលើនោះទេ ប៉ុន្តែប្រទេសទាំង ២ ឥឡូវនេះត្រូវបានគេដឹងថា មានគំរូហ្សែននៃវីរុសខុសៗគ្នាពី ប្រទេសចិនដែលមានន័យថា «វាមិនមានដើមកំណើតមកពីប្រទេសចិនទេ គឺវាអាចត្រូវបាននាំមកពីប្រភពមួយផ្សេងទៀត»។
គួរកត់សម្គាល់ផងដែរថា គំរូហ្សែននៃវីរុសដែលមាននៅក្នុងប្រទេសអ៊ីតាលីមាន អត្រាមរណភាពប្រហាក់ប្រហែលនឹងប្រទេសចិន ខណៈដែលគំរូហ្សែននៃ វីរុសដែលកើតមាននៅ ប្រទេសអ៊ីរ៉ង់មានលក្ខណៈធ្ងន់ធ្ងរជាងគេបំផុត ដែលមានអត្រាស្លាប់ពី ១០% ទៅ ២៥%។
ដោយសារតែចំនួនដ៏ច្រើនលើសលុបនៃប្រព័ន្ធផ្សព្វផ្សាយលោកខាង លិចបានផ្តោតមកលើប្រទេសចិន «មនុស្សភាគច្រើននៅលើពិភពលោកជឿថា វីរុសឆ្លងនេះមានប្រភពចេញពីប្រទេសចិន ប៉ុន្តែពេលនេះវាទំនងជាមិនដូច្នេះទេ»។
ដោយមានមនុស្សក្នុងប្រទេស និងដែនដីប្រហែលជាង ៩០ ពាសពេញពិភពលោក បានឆ្លងនូវវីរុសនេះយ៉ាងហោចណាស់មួយករណី វាពិតជា សំខាន់ណាស់ក្នុងការពិនិត្យមើលគំរូហ្សែន នៃវីរុសពីប្រទេសនីមួយៗ ដើម្បីកំណត់ទីតាំងប្រភពដើម និងគំរូនៃការឆ្លងរាលដាលនៅទូទាំងពិភពលោក។
អ្នកជំនាញខាងផ្នែកវីរុសបានបញ្ជាក់បន្ថែមទៀតថា ថ្មីៗនេះសហរដ្ឋអាមេរិកមាន ករណីជំងឺសួត (pulmonary fibrosis) ជាង ២០០ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ដោយសារ តែការអសមត្ថភាពរបស់អ្នកជំងឺក្នុងការដកដង្ហើម ប៉ុន្តែស្ថានភាពនិង រោគសញ្ញារបស់ពួកគេ ហាក់ដូចជាមិនពាក់ព័ន្ធនឹងជំងឺសួត (pulmonary fibrosis) ទេ។ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា ការស្លាប់ទាំងនោះ បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច (e-cigarette)។
វេជ្ជបណ្ឌិតតៃវ៉ាន់បានលើកឡើងថា ការផ្ទុះវីរុសនេះអាចចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅពេលដែលជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរទៅកាន់កោះហាវ៉ៃ ហើយបានវិលត្រឡប់ទៅផ្ទះវិញដោយមានឆ្លងវីរុស ហើយដែលពួកគេ មិនដែលធ្លាប់ទៅប្រទេសចិននោះទេ។
គេហទំព័រព័ត៌មានចិន ដ៏លេចធ្លោឈ្មោះ Huanqiu បានលើកឡើងពីករណីមួយនៅសហរដ្ឋអាមេរិក ដែលសាច់ញាតិរបស់ស្ត្រីម្នាក់ត្រូវបានប្រាប់ដោយគ្រូពេទ្យថា «ស្ត្រីម្នាក់នោះបានស្លាប់ដោយសារជំងឺផ្តាសាយ ប៉ុន្តែសំបុត្រមរណភាពរបស់ នាងបានចុះថា ស្លាប់ដោយសារវីរុស Coronavirus»។
យើងមិនអាចបញ្ជាក់ពីចំនួនករណីបែបនេះ នៅក្នុងសហរដ្ឋអាមេរិកបាននោះទេ ដោយសារ CDC ហាក់ដូចជាមិនមានឧបករណ៍តេស្ត ដែលអាចជឿទុកចិត្តបាន និងបាននិងកំពុងធ្វើតេស្តរកវីរុសតិចតួច ឬមិនបានធ្វើទាល់តែសោះ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមក (ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្ម) ប្រទេសចិនបានទទួលរងនូវជំងឺរាតត្បាតជាច្រើន ដូចជាជំងឺផ្តាសាយបក្សី H7N4 (ខែកុម្ភៈ ២០១៨) ជំងឺផ្តាសាយបក្សី H7N9 (ខែមិថុនា ២០១៨) ជំងឺផ្តាសាយជ្រូក (ខែសីហា ២០១៨) ការរាតត្បាតដ៏ធំនៃដង្កូវនៅក្នុងខេត្តចំនួន ១៤ ក្នុងប្រទេសចិន (ខែឧសភា ២០១៩) ការផ្ទុះឡើងនូវវីរុស Coronavirus (ខែធ្នូ ២០១៩) និងចុងក្រោយគឺជំងឺផ្តាសាយបក្សីនៅខេត្តហ៊ូណាន (ខែមករា ឆ្នាំ២០២០)៕
ដកស្រង់ទាំងស្រុងពី Global Research ស្ថាប័នអន្តរជាតិដ៏ល្បីមានមូលដ្ឋាននៅប្រទេសកាណាដា