(ឡុងដ៍)៖ មនុស្សម្នាក់ទៀតហើយបានបាត់បង់ជីវិត បន្ទាប់ពីបានធ្វើតេស្តចេញ លទ្ធផលវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដែលប្រការនេះធ្វើឲ្យចំនួនអ្នកស្លាប់ សរុបនៅអង់គ្លេសកើនឡើងដល់ ០៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៣១៩ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
មនុស្សដែលទើបបាត់បង់ជីវិតដោយសារ COVID-19 ថ្មីខាងលើនេះ គឺមានវ័យចំណាស់ជាង ៧០ឆ្នាំទៅហើយ ខណៈរូបគាត់ក៏មានជំងឺប្រចាំកាយផងដែរ ព្រោះគ្រាន់តែបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេលីអើ (St Helier) និងធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីតែប៉ុន្មានម៉ោងនោះ អ្នកជំងឺរូបនេះក៏បានបាត់បង់ជីវិតតែម្តង។
គួរបញ្ជាក់ថា មិនខុសពីករណីនៅប្រទេសផ្សេងៗទៀតឡើយ អ្នកជំងឺដែលបានស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មីនៅអង់គ្លេស ភាគច្រើនបំផុតគឺជាមនុស្សមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ៕