(វូហាន)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរដល់ទីក្រុងវូហាន (Wuhan) ហើយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដែលហាក់មានសភាពធូរស្រាលឡើងវិញជាលំដាប់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមកកាន់ទីក្រុងវូហាន នៃខេត្តហ៊ូប៉ីលើកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅពិនិត្យមើលការបំពេញកិច្ចការងាររបស់ បុគ្គលិកពេទ្យ, មន្ត្រីយោធា និងនាយទាហាន, បុគ្គលិកសហគមន៍, មន្ត្រីប៉ូលិស, ព្រមទាំងមន្ត្រី និងប្រជាជនស្ម័គ្រចិត្ត ដែលកំពុងស្ថិតក្នុងខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
បន្ថែមពីនេះលោក ស៊ី ក៏នឹងចុះទៅសួរសុខទុក្ខអ្នកជំងឺជាច្រើននាក់ រួមទាំងប្រជាជនទាំងអស់នៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងធំបំផុតលំដាប់លេខ ៧ នៅក្នុងប្រទេសចិននោះផងដែរ។ បច្ចុប្បន្នអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនមានសភាពធូរស្រាលខ្លាំង ខណៈខេត្តមួយចំនួនបានប្រកាស ពីការបិទបញ្ចប់ករណីឆ្លងថ្មីៗទាំងស្រុងតែម្តង៕