(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស៦នាក់ ដោយចោទថាអ្នកទាំងនេះ បានបង្ហោះ និងចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹង COVID-19 នៅលើបណ្ដាញ ទំនាក់ទំនងសង្គម ខណៈករណីឆ្លងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនដល់ ១៩ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
បើតាមប៉ូលិសឥណ្ឌូណេស៊ី ស្ត្រីមា្នក់ត្រូវបានចាប់ខ្លួន ក្នុងទីក្រុង Surabaya កាលពីថ្ងៃចន្ទ សម្រាប់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើ Facebook ថាអ្នកជំងឺម្នាក់ កំពុងទទួល ការព្យាបាលជំងឺ COVID-19 ក្នុងទីក្រុងមួយនេះ។ ចំណែកឯ មនុស្ស ៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីបទចែកចាយព័ត៌មានក្លែងក្លាយដូចគ្នា ដោយអះអាងថា ស្ត្រីម៉ូស្លីមម្នាក់ ដែលបានទៅធ្វើធម្មាយាត្រាសាសនាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានស្លាប់ភ្លាមៗដោយសារ COVID-19 ពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិ ហ្សាការតា។
អ្នកទាំង៦នាក់ខាងលើ ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានលើច្បាប់ហាមឃាត់ការចែកចាយព័ត៌មានក្លែងក្លាយ ហើយបើគេរកឃើញទោសដូចការចោទប្រកាន់មែន នោះពួកគេអាចនឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ៦ឆ្នាំ៕