(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុននៅល្ងាចថ្ងៃអង្គារ (ម៉ោងនៅទីក្រុងតូក្យូ) នេះបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៥១៩ករណីហើយ ដោយក្នុងនោះអ្នកជំងឺសរុប ២៧នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
សម្រាប់ករណីឆ្លងវីរុសសរុបទាំង ៥១៩ករណីខាងលើនេះ គឺមិនរាប់បញ្ចូលអ្នកឆ្លង នៅក្នុងនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នោះឡើយ។ បន្ថែមពីនេះតំបន់ដែលរងគ្រោះខ្លាំងជាងគេនោះ គឺខេត្តហុកកៃដូ (Hokkaido) ដែលមានករណីឆ្លងរហូតដល់ ១១១ករណី និងកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ។
សម្រាប់ខេត្ត និងក្រុងផ្សេងៗទៀតរបស់ជប៉ុន ដែលមានអ្នកជំងឺឆ្លង COVID-19 ច្រើនផងដែរនោះមានដូចជា ខេត្តអៃឈិ (Aichi) សរុប ៨៦ករណី, ទីក្រុងតូក្យូ ៦៤ករណី, ទីក្រុងអូសាកា ៥៥ករណី, ខេត្តកាណាហ្គាវ៉ា (Kanagawa) ៤១ករណី និងខេត្តឈីបា (Chiba) ២២ករណី។ បន្ថែមពីនេះក្នុងចំណោមអ្នកជំងឺទាំងអស់ អ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមាន ៣៣នាក់។
គួរបញ្ជាក់ថា មនុស្សស្លាប់សរុបទាំង ២៧នាក់ដោយសារតែជំងឺឆ្លង COVID-19 នោះក៏ត្រូវបានរាប់បញ្ចូលមនុស្ស ០៣នាក់ ដែលបានស្លាប់ក្រោយចុះចេញពីកប៉ាល់ Diamond Princess ផងដែរ។ ក្នុងចំណោម ៥១៩ករណីនៃការឆ្លងវីរុសកូរ៉ូណាថ្មី នៅទូទាំងប្រទេសជប៉ុន ៣៤៦ករណីត្រូវបានព្យាបាល ឲ្យជាសះស្បើយរួចទៅហើយ៕