(ញូយ៉ក)៖ គិតត្រឹមយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំនួននៃការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៧៥០ករណីហើយ ដោយក្នុងនោះអ្នកជំងឺដែលបានស្លាប់សរុប មានចំនួន ២៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
រដ្ឋចំនួនបីបន្ថែមទៀតមានដូចជា ញូជែស៊ី (New Jersey), ផ្លូរីដា (Florida) និង រ៉ូដអាយឡេនដ៍ (Rhode Island) បានប្រកាសភាពអាសន្នរួចទៅហើយ ក្រោយពីបានមើលឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មី មានការកើនឡើងជាលំដាប់។ ទោះបីជាបែបនេះក្តីរដ្ឋវ៉ាស៊ីនតោនស្ទេតស្ថិតនៅភាគខាងលិច និងរដ្ឋញូយ៉កស្ថិតនៅភាគឦសាន នៅតែជាតំបន់ដែលកំពុងរងគ្រោះខ្លាំង ដោយមានករណីឆ្លង និងស្លាប់ដោយសារតែ COVID-19 នេះច្រើនជាងគេ។
គួរបញ្ជាក់ថា សម្រាប់នាវាទេសចរណ៍ហ្គ្រែនដ៍ព្រីនសេស (Grand Princess) ដែលកំពុងតែចតនៅកំពង់ផែទីក្រុងអកឡេនដ៍ (Oakland) នៃរដ្ឋកាលីហ្វ័រញ៉ាវិញ មនុស្ស ២១នាក់ក្នុងចំណោមអ្នកជិះនៅលើនោះទាំងអស់ ត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុស COVID-19 ខណៈអាជ្ញាធរអាមេរិក នៅតែបន្តពិនិត្យ និងតាមដានអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅលើនោះ ដើម្បីរកមើលឃើញវីរុស៕