(គូឡាឡាំពួរ)៖ អ្នកនយោបាយមកពីអតីតគណបក្សកាន់អំណាច ដែលហៅថា Pakatan Harapan បានអះអាងថា សមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ដែលទើប ត្រូវបានប្រកាសជាសាធារណៈដោយនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin គឺមានសភាពលើសចំណុះ ឬច្រើនជ្រុល។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២០។
ក្រុមអ្នកនយោបាយទាំងនោះ ថែមទាំងបានអះអាងទៀតថា ការបង្កើតមុខតំណែងបន្ថែមក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីនេះ គឺដើម្បីឲ្យមានកៅអីគ្រប់គ្រាន់ ក្នុងការបែងចែកគ្នា អង្គុយក្នុងចំណោមសម្ព័នគណៈបក្សនយោបាយចម្រុះថ្មី ដែលបានទម្លាក់អតីតគណៈបក្សចម្រុះចាស់ Pakatan Harapan។
លោក Khalid Abdul Samad ដែលជាសមាជិកម្នាក់ នៃអតីតគណៈបក្សចម្រុះ Pakatan Harapan មកពីគណៈបក្ស Amanah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទម្សិលមិញថា ចំនួនសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះ គឺមានចំនួន ៧០ នាក់ បើបូករួមទាំងនាយករដ្ឋមន្ត្រី។ ចំនួននេះ គឺវាច្រើនជាង១៥ នាក់បើប្រៀបធៀប នឹងអតីតគណៈរដ្ឋមន្ត្រីចាស់ ដែលមានតែ ៥៥ នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកក៏បានមើលទៀតថា ការបង្កើតឲ្យមានតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីបន្ថែមទៀតនេះ គឺដើម្បីបំពេញសេចក្តីត្រូវការរបស់ភាគីនៅក្នុងសម្ព័ន្ធភាពថ្មី។
គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី ០១ ខែ មីនាកន្លងទៅនេះ លោក Muhyiddin Yassin ដែលជាអតីឧបនាយករដ្ឋមន្ត្រី នៃគណបក្សចម្រុះ Pakatan Harapan បានស្បថចូលកាន់តំណែងជាផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី ក្រោយភាពស្រពិចស្រពិលនៃស្ថានការណ៍នយោបាយនៅក្នុងប្រទេសនេះ បានកើតមានបន្ទាប់ពីការប្រកាសលាលែងពីតំណែង ភ្លាមៗដោយអតីតនាយករដ្ឋមន្រ្តី លោក Mahathir Mohamad៕