(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់សមាជិកសភាទាំងអស់ថា លោកមានជំនឿចិត្តថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ ដែលនឹង អនុញ្ញាតឱ្យលោកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាថ្មី អាចនឹងត្រូវបានអនុម័ត បើសិនជាតុលាការធម្មនុញ្ញមិនជំទាស់ទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
បើតាមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន នឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៤ នៅពេលដែលអាណត្តិជាប្រធានាធិបតីរបស់លោកត្រូវបញ្ចប់ ដោយមិនអាច ចូលរួមប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតី ៣អាណត្តិជាប់គ្នានោះឡើយ។ ប៉ុន្តែ សភាជាន់ទាបរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ បានលើកឡើងនូវសំណើធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញមួយ ដែលនឹងអនុញ្ញាតឱ្យលោកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាថ្មី តាមរយៈការរាប់អាណត្តិពីសូន្យមកវិញ។
ថ្លែងនៅចំពោះមុខសភា លោក ពូទីន បានគូសបញ្ជាក់ដូច្នេះ៖ «ជាគោលការណ៍, ជម្រើសនេះ (ការធ្វើវិសោធនកម្ម) អាចនឹងធ្វើទៅរួច ប៉ុន្តែមានលក្ខខណ្ឌមួយ នោះគឺ ទាល់តែ តុលាការធម្មនុញ្ញយល់ព្រម...»។