(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា មនុស្សយ៉ាងហោច ៤៤នាក់ បានស្លាប់ដោយសារពុលស្រា និងរាប់រយនាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេជឿលើពាក្យចចាមអារ៉ាមថា ផឹកស្រាអាចព្យាបាលជំងឺ COVID-19។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន USA TODAY នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
បើតាមសារព័ត៌មានអ៉ីរ៉ង់ IRNA ដែលបានស្រង់សម្ដីពីមន្ត្រីសុខាភិបាល លោក អាលី អេហ៍សាភួរ (Ali Ehsanpour) ស្រាដែលជនរងគ្រោះបានផឹក គឺជាស្រាលក់ដោយក្រុមឈ្មួញខុសច្បាប់ ហើយជាធម្មតាការផឹកស្រានៅក្នុងប្រទេសអ៉ីរ៉ង់ ត្រូវបានហាមឃាត់។ ប៉ុន្តែនាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនថា ការផឹកស្រាអាចបង្ការ និងព្យាបាលជំងឺ COVID-19 បានជាហេតុធ្វើឱ្យប្រជាជនខ្លះ នាំគ្នាសម្រុកទិញស្រាយកមកផឹក។
សារព័ត៌មាន IRNA បានបន្ថែមទៀតថា ករណីពុលស្រាបានកើតឡើងភាគច្រើននៅក្នុងខេត្ត ឃូហ្សេស្ថាន (Khuzestan) ហើយវាបានបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាងកើត COVID-19 ដោយខេត្តនេះមានអ្នកស្លាប់ដោយសារពុលស្រាច្រើនជាង ៣០នាក់ និងស្លាប់ដោយសារ COVID-19 ចំនួន ១៨នាក់។ មនុស្ស ០៧នាក់ដែលលក់ស្រាខុសច្បាប់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
គិតត្រឹមថ្ងៃអង្គារម្សិលមិញ អ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ៨,០៤២ករណី ក្នុងនោះមានអ្នកជំងឺ ២៩១នាក់ស្លាប់៕