(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសថាចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស បានកើនដល់៣៥នាក់ ហើយករណីឆ្លងថ្មី ភាគច្រើន ត្រូវបានរកឃើញនៅលើអ្នកដំណើរជិះនៅលើជើងហោះហើរមកពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលវៀតណាម អ្នកដំណើរ១៣នាក់ ដែលជិះនៅលើជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពីទីក្រុងឡុងដ៍ មកកាន់ទីក្រុង ហាណូយ កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក COVID-19 ហើយភាគច្រើននៃអ្នកទាំងនេះគឺជាពលរដ្ឋអង់គ្លេស និងពលរដ្ឋវៀតណាម ដែលធ្លាប់ ធ្វើដំណើរទៅកាន់តំបន់ខ្លះនៅអឺរ៉ុប ក្នុងនោះរួមមានទាំងអ៉ីតាលីផងដែរ។
បច្ចុប្បន្ន វៀតណាមមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ដោយសារ COVID-19 នោះទេ។ ម្យ៉ាងវិញទៀត ជាវិធានការទប់ស្កាត់ ទីក្រុងហាណូយ បានសម្រេចចិត្ត ផ្អាកការផ្ដល់ទិដ្ឋាការមិនគិតថ្លៃដល់ពលរដ្ឋ មកពីប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះរួមមាន ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ៕