(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បាននិយាយថា ការបិទព្រំដែនប្រទេសអាល្លឺម៉ង់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 មិនមែនជាវិធានការមានប្រសិទ្ធភាពនោះទេ។ លោកលើកឡើងបែបនេះ ជាការជំទាស់នឹងការអំពាវនាវឱ្យអាល្លឺម៉ង់ យកគំរូតាមប្រទេសអូទ្រីស ដែលបានហាមឃាត់ ជនបរទេសមកពីអ៉ីតាលី ចូលក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Deutschlandfunk លោក Spahn បានគូសបញ្ជាក់ដូច្នេះថា៖ «COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់ ស្មើនឹងនៅក្នុងអឺរ៉ុបទាំងមូល... ហើយបើទោះជាអ្នកបិទព្រំដែនទាំងអស់ក៏ដោយ ក៏មិនអាចទប់ស្កាត់ការរីករាលដាលរបស់ វាបានដែរ ព្រោះមិនយូរ មិនឆាប់អ្នកប្រាកដជា នឹងអនុញ្ញាតមនុស្សចេញ ឬចូល ដែលជាចុងក្រោយវានឹងចាប់ផ្ដើមរីករាលដាលជាថ្មីម្ដងទៀតដដែល។ ដូច្នេះអ្វីដែលយើងកំពុងផ្តោតបច្ចុប្បន្ន គឺធ្វើយ៉ាងណាដើម្បីឱ្យការរីករាលដាលនៃជំងឺមួយនេះ ធ្លាក់ចុះ ទាបជាអប្បបរមា»។
មកទល់នឹងថ្ងៃអង្គារសប្ដាហ៍នេះ អាល្លឺម៉ង់មានករណីឆ្លង COVID-19 ចំនួន ១,២៩៦ ក្នុងនោះស្លាប់២នាក់៕