(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ៦នាក់ទៀត ដែលប្រការនេះ ធ្វើឲ្យតួលេខសរុបនៃអ្នកឆ្លងទូទាំងប្រទេសកើនដល់៥៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំង៦ខាងលើ មាន៥នាក់ជាជនជាតិថៃផ្ទាល់តែម្តង ចំណែកឯម្នាក់ទៀត គឺជនជាតិសិង្ហបុរី ហើយ២នាក់ក្នុង ចំណោមជនជាតិថៃទាំង៥នាក់នោះ គឺជាមន្ត្រីអន្តោប្រវេសន៍ដែលធ្វើការនៅអាកាសយានដ្ឋានសុវណ្ណភូមិនៃទីក្រុងបាងកក។ ក្នុងចំណោម មន្រ្តីអន្តោប្រវេសន៍ថៃទាំងពីរនាក់ មានម្នាក់អាយុ២១ឆ្នាំ ដែលបានធ្លាក់ខ្លួនឈឺតាំងពីថ្ងៃទី០៨ ខែមីនា និងមានអាការៈក្តៅខ្លួន ហៀរសំបោរ និងឈឺក្បាល។ ចំណែកឯម្នាក់ទៀត មានអាយុ៤០ឆ្នាំ ក៏មានអាការៈស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី០៧ ខែមីនា។ គួរបញ្ជាក់ថា បុរសទាំងពីរ មិនធ្វើការនៅកន្លែងជាមួយគ្នាទេ។
យ៉ាងណាក៏ដោយ អ្វីដែលជាក្តីបារម្ភខ្លាំងនៅពេលនេះ គឺថាមន្ត្រីទាំងពីរនាក់នេះ បានប៉ះពាល់ទាក់ទងជាមួយភ្ញៀវទេសចរបរទេសជាច្រើន ជាពិសេសគឺបានប៉ះពាល់ជាមួយវត្ថុផ្សេងៗ ដូចជាវ៉ាលី និងលិខិតឆ្លងដែនជាដើម ដែលប្រការនេះ អាចបណ្តាលឲ្យមានការចម្លងទៅមនុស្ស ជាច្រើននាក់ផេងទៀត។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ បើបូកបញ្ចូលទាំង៦ករណីថ្មីខាងលើ ប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៥៩នាក់ ប៉ុន្តែក្នុងនោះ៣៤នាក់បានជាសះស្បើយហើយ និង២៤នាក់ទៀតកំពុងបន្តសម្រាកព្យាបាល ខណៈមានម្នាក់បានបាត់បង់ជីវិត៕