(បាងកក)៖ មន្ត្រីអន្តោប្រវែសន៍ថៃពីររូបប្រចាំនៅ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈដែលមន្ត្រីទាំងនេះ មានតួនាទីជាអ្នកពិនិត្យលិខិតឆ្លងដែន (passports)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

មន្ត្រីទាំងពីរូបខាងលើនេះសុទ្ធតែជាបុរស ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋាន ធំបំផុតរបស់ថៃខាងលើនេះ ហើយក្នុងចំណោមពួកគេ ម្នាក់បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី០៧ ខែមីនា និងម្នាក់ទៀតនៅថ្ងៃទី០៨ ខែមីនា។ មន្ត្រីជំនាញសុខាភិបាលថៃបានសង្ស័យថា ពួកគេបានប៉ះពាល់ជាមួយអ្នកដំណើរណាមួយ ដែលមានផ្ទុក COVID-19 ហើយទើបឆ្លងជំងឺបែបនេះ។

យោងតាមការបញ្ជាក់ពីលោក សូផុន អៀមសិរីថាវន (Sopon Iamsirithaworn) មន្ត្រីមកពីនាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DCD) បានលើកឡើងថា «មន្ត្រីអន្តោប្រវេសន៍ទាំងពីរនាក់ មិនមែនបម្រើការងារនៅចំណុចតែមួយឡើយ។ ម្នាក់ក្នុងចំណោមពួកគេ គឺជាអ្នកដឹកនាំក្រុមពិនិត្យសុខភាពពលករថៃ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ។ វាក៏អាចទៅរួចដែរថា ពួកគេបានឆ្លង (COVID-19) ពីជនបរទេស ឬមួយក៏ដោយសារការប៉ះលិខិតឆ្នងដែន (មានជាប់មេរោគ)»។

គួរបញ្ជាក់ថា មន្ត្រីទាំងពីររូបខាងលើនេះ កំពុងតែស្ថិតនៅក្នុងការតាមដាន ស្ថានភាពជំងឺនៅឡើយ។ ដោយឡែករដ្ឋមន្ត្រីសុខាភិបាលថៃវិញ បានប្រកាសនៅថ្ងៃពុធនេះផងដែរថា ប្រទេសនេះនឹងផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់ទិដ្ឋាការសេរីដល់ពលរដ្ឋមកពី កូរ៉េខាងត្បូង, ហុងកុង និងអ៉ីតាលី ក៏ដូចជាទិដ្ឋាការធម្មតាសម្រាប់ប្រទេសចំនួន ១៨ទៀត ក្នុងនោះរួមមានទាំង ចិន និងឥណ្ឌាផងដែរ៕