(ឡូសអាន់ជែលឡែស)៖ បំរាមលើការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើជនបរទេសទាំងឡាយណា ដែលធ្លាប់បានធ្វើដំណើរទៅកាន់បណ្ដាប្រទេសអឺរ៉ុប (លើកលែងអង់គ្លេសមួយចេញ) អាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ដែលកំពុងរងគ្រោះស្រាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
បំរាមធ្វើដំណើររយៈពេល ៣០ថ្ងៃ ដែលនឹងត្រូវចូលជាធរមានៅថ្ងៃសុក្រសប្ដាហ៍នេះតទៅ គឺមានលក្ខណៈស្រដៀងគ្នានឹងបំរាមលើចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះដែរ ហើយវាត្រូវបានប្រកាស ខណៈពេលដែលជំងឺឆ្លងសកល COVID-19 កំពុងរីករាលដាលកាន់តែខ្លាំង នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមជំនាញផ្នែកឧស្សាហកម្មអាកាសចរណ៍បានព្រមានថា វិធានការនេះអាចនឹងបង្កភាពវឹកវរ ដល់អាកាសយានដ្ឋានរាប់សិបកន្លែង នៅទូទំាងទ្វីបអឺរ៉ុប ស្របពេលអ្នកដំណើរនឹងរួសរាន់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ឱ្យបានមុនបំរាមនេះចូលជាធរមាន។
យ៉ាងណាក៏ដោយ ជើងហោះហើរនៃអាកាសចរណ៍អាមេរិកមកពីអឺរ៉ុប អាចនឹងបន្តដំណើរការក្រោមការរឹតត្បិត ឬក៏ធ្វើការកំណត់ចំនួន ពីសំណាក់អាកាសយនដ្ឋានអាមេរិក ហើយពលរដ្ឋអាមេរិក និងសមាជិក គ្រួសារជាប់សាច់ឈាម នឹងត្រូវបានអនុញ្ញាតចូលមកកាន់សហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា បំរាមនេះគឺមានការចាំបាច់បំផុត ព្រោះសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុង «ពេលវេលាមួយដ៏សំខាន់» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលឆ្លងដល់ប្រជាជនអាមេរិកជាង ១,២៨១ករណី និងស្លាប់ ៣៨នាក់។
លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានចាត់វិធានការ ជួយសង្រ្គោះជីវិតបែបនេះលើចិនកាលពីពេលមុន ហើយបច្ចុប្បន្ន យើងត្រូវតែចាត់វិធានការដូចគ្នានេះលើអឺរ៉ុប... ប៉ុន្តែវិធានការនេះមានគោលដៅ ហាមឃាត់លំហូរចូលមនុស្ស មិនមែនបញ្ឈប់លំហូរចូលទំនិញឡើយ»៕