(យូអិន)៖ ស្ត្រីម្នាក់ជាមន្ត្រីទូតហ្វីលីពីន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ហើយនេះគឺជាករណីឆ្លងដំបូងបំផុតនៅឯទីស្នាក់ការកណ្តាល នៃអង្គការពិភពលោកមួយនេះ ស្ថិតក្នុងទីក្រុងញូយ៉ក សហរដ្ឋមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
អគ្គរដ្ឋទូតហ្វីលីពីនស្ដីទីប្រចាំ UN លោកស្រី ឃីរ៉ា អាហ្សូសេណា (Kira Azucena) បានគូសបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនបេសកកម្ម UN នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅញូយ៉ក) ដែល Reuters ទទួលបានយ៉ាងដូច្នេះថា «មកទល់នឹងថ្ងៃនេះ បេសកកម្មការទូតហ្វីលីពីនបានបិទទ្វារបណ្ដោះអាសន្ន ហើយរាល់បុគ្គលិកទាំងអស់ ត្រូវបានណែនាំឱ្យអនុវត្តិវិធានការនៅដាច់ដោយឡែកពីគេ និងត្រូវទៅជួបគ្រូពេទ្យ ក្នុងករណីមានរោគសញ្ញាសង្ស័យ ខណៈយើងកំពុងសង្ស័យថា យើងគ្រប់គ្នាអាចនឹងឆ្លង COVID-19»។
លោកស្រី Kira បានបន្ថែមទៀតថា ស្ត្រីម្នាក់ជាមន្ត្រីទូតហ្វីលីពីនខាងលើ បានបង្ហាញរោគសញ្ញាផ្ដាសាយ កាលពីថ្ងៃអង្គារ ហើយបានទៅជួយគ្រូពេទ្យ និងរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទើបមន្ត្រីរូបនោះទទួលបានការហៅទូរស័ព្ទប្រាប់ថា ខ្លួនមានផ្ទុក COVID-19។
ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ហ្វីលីពីនមានមន្ត្រីទូត ១២នាក់ ប្រចាំបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្ដើមអនុវត្តវិធានការបង្ការ និងទប់ស្កាត់COVID-19 នៅឯទីស្នាក់ការរបស់ខ្លួនក្នុងសង្កាត់ មែនហាត់ធិន (Manhattan) នៃទីក្រុងញូយ៉ក៕