(អាមេរិក)៖ ពីរសប្តាហ៍ក្រោយប្រារព្ធពិធីជប់លៀងខួបកំណើត ដ៏ធំមួយកាលពីថ្ងៃទី២៩ ខែកុម្ភៈ នាយកប្រតិបត្តិក្រុមហ៊ុនផលិតបទចម្រៀងរបស់ អាមេរិក Universal Music គឺលោក លូសៀន ហ្គ្រែង (Lucian Grainge) ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុក COVID-19។ ពិធីខួបកំណើតរបស់លោក មានការចូលរួមពីបុគ្គលល្បីៗជាច្រើន រួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
ពិធីជប់លៀងគម្រប់វ័យ ៦០ឆ្នាំរបស់លោក Grainge ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុង ផាមស្ព្រីងស៍ (Palm Springs) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ កម្មវិធីដ៏ធំនោះមានការចូលរួមពីបុគ្គលល្បីៗ ក្នុងវិស័យបច្ចេកវិទ្យា និងកម្សាន្ត រួមមានលោក អឺវីង អាសូហ្វ (Irving Azoff) ផ្នែកសិល្បៈតន្រ្តី និងលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Apple និងនាយករងម្នាក់របស់ Apple គឺលោក អ៊ែដឌី ឃ្យួ (Eddy Cue)។
គួរជម្រាបថា នាពេលនេះលោក Grainge កំពុងសម្រាកទទួលការព្យាបាល នៅក្នុងទីក្រុង ឡូសអាន់ជែឡេស (Los Angeles)។ ចំណែកអ្នកនាំពាក្យរបស់ Apple បានបដិសេធសុំមិនធ្វើការអត្ថាប្បាយអ្វីឡើយ ជុំវិញសេចក្តីរាយការណ៍នេះ ដែលបានចុះផ្សាយដំបូងដោយសារព័ត៌មាន វ៉ារ៉ាយអឺធី (Variety)៕